អន្តរជាតិ ៖ ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីព័ត៌មានប៉ាគីស្ថានលោក Attaullah Tarar បានគូសបញ្ជាក់ថាការស៊ើបការណ៍សម្ងាត់របស់គិញប៉ាគីស្ថានបានរកឃើញថាឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធាទ្រង់ទ្រាយធំដែលនឹងកើតឡើងក្នុងរយៈពេល ២៤-៣៦ ម៉ោងខាងមុខ។ លោកបានព្រមានថា ការឈ្លានពានណាមួយនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងធ្វើឱ្យឥណ្ឌាទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានក្នុងតំបន់។
សូមបញ្ជាក់ថា ៖ ក្រោយផ្ទុះជម្លោះរវាងគ្នាឥណ្ឌា និងប៉ាគីស្ថានដែលបានសម្លាប់អ្នកទេសចរប្រមាណ ២៦នាក់នៅតំបន់កាស្មៀរកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥ មកពេលនេះភាពតានតឹងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់ថ្មីមិនធ្លាប់មាន ដោយតាមគិញសម្ងាត់ឥណ្ឌាបានរកឃើញថា ឥណ្ឌាកំពុងតែរៀបចំគម្រោងបើកការវាយប្រហារទ្រង់ទ្រាយធំចូលក្នុងទឹកដីប៉ាគីស្ថានក្នុងរយៈពេល២៤-៣៦ម៉ោងខាងមុខនេះ។
សម្រាប់លោក Attaullah Tarar ក្នុងនាមជារដ្ឋដែលមានទំនួលខុសត្រូវ ប៉ាគីស្ថានបើកចំហដោយស្មោះស្ម័គ្របានផ្តល់នូវការស៊ើបអង្កេតដ៏គួរឱ្យទុកចិត្ត តម្លាភាព និងឯករាជ្យដោយគណៈកម្មាការអ្នកជំនាញអព្យាក្រឹតដើម្បីបញ្ជាក់ការពិត។ ជាអកុសល ជាជាងការដើរតាមមាគ៌ានៃហេតុផល ឥណ្ឌាបានសម្រេចចិត្តដើរលើផ្លូវដ៏គ្រោះថ្នាក់នៃភាពមិនសមហេតុផល និងការប្រឈមមុខដាក់គ្នា ដែលនឹងមានផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល និងលើសពីនេះ។
ចាប់តាំងពីមានការសម្លាប់មនុស្ស ២៦នាក់នៅតំបន់កាស្មៀរមកមានការបាញ់កាំភ្លើងឆ្លងព្រំដែននៅតាមបណ្តោយបន្ទាត់នៃព្រំដែនប្រទេសទាំងពីរជាញឹកញាប់ មានមនុស្សប្រមាណ ២,០០០ នាក់ត្រូវបានឃុំខ្លួននៅតំបន់កាស្មៀរដែលជាប់សង្ស័យក្នុងការបាញ់ប្រហារ ក្នុងនោះទាហានឥណ្ឌាបានរុះរើផ្ទះរបស់ពួកសកម្មប្រយុទ្ធដែលសង្ស័យ និងចាប់ឃុំខ្លួនសាកសួរចម្លើយ។
ដើមចមនៃការផ្ទុះអាវុធជារឿយៗនៃតំបន់ កាស្មៀរ ដោយសារតែតំបន់នេះត្រូវបានបែងចែករវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ដោយប្រទេសទាំងពីរបានទាមទារទឹកដីទាំងស្រុងប៉ុន្តែគ្រប់គ្រងផ្នែកដាច់ដោយឡែកពីគ្នា។ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ និងការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថានឡើងវិញ នៅក្នុងតំបន់ជម្លោះនេះមានពលរដ្ឋមូស្លឹមរស់នៅប្រមាណដល់ជិត ៩លាននាក់នៃប្រជាជនសរុបក្នុងតំបន់ ១៥លាននាក់។
ការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាគឺនៅក្រុង Pulwama ក្នុងឆ្នាំ ២០១៩ដោយក្រុមបះបោរបានបើករថយន្តដែលផ្ទុកទៅដោយគ្រឿងផ្ទុះចូលទៅក្នុងក្បួនរថយន្តប៉ូលិស ដោយបានសម្លាប់មនុស្ស ៤០ នាក់ និងរបួស ៣៤ នាក់ ។ អ្នកជំនាញបានប៉ានប្រមាណថាប្រសិនបើជម្លោះកាទូតមួយនេះមិនអាចស្វែងរកដំណោះស្រាយបាននោះទេ នោះឥណ្ឌាអាចនិងឈានដល់ប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាមួយនេះ។
លោក Attaullah Tarar បាន ថ្លែង បែបនេះ តាម បណ្តាញ ទំនាក់ទំនង សង្គមថា ប៉ាគីស្ថាន ទទួលបាន សេចក្តី រាយការណ៍ ដែល គួរឱ្យជឿ ជាក់ថា ឥណ្ឌា មានផែនការធ្វើសកម្មភាព យោធា ចំពោះប៉ាគីស្ថាន ក្នុង ចន្លោះ ពី ២៤ម៉ោងដល់ ៣៦ម៉ោង ខាងមុខនេះ ដោយយក ការចោទប្រកាន់ ដែលគ្មាន ភស្តុតាង មកធ្វើជា លេស ៕
ដោយ ៖ សិលា