ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យមានយុត្តិធម៌ គ្មានរង្វាន់សម្រាប់លោក ពូទីន ឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ បានផ្សាយថា កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកទីបញ្ចប់មួយដែលមានយុត្តិធម៌ ក្នុងសង្រ្គាមជាមួយរុស្ស៉ី ដោយមិនផ្តល់នូវអ្វីដែលលោកហៅថា «រង្វាន់» សម្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្រោយមានការទាមទារចង់ឱ្យទីក្រុងកៀវ ត្រូវលះបង់ទឹកដីរបស់ខ្លួន។

ថ្លែងតាមប្រព័ន្ធវិដេអូអនឡាញ ក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយប្រទេសប៉ូឡូញ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «យើងគ្រប់គ្នាចង់ឱ្យសង្រ្គាមនេះបញ្ចប់ទៅ ក្នុងលក្ខណៈមួយដែលមានយុត្តិធម៌ គឺមិនផ្តល់រង្វាន់អ្វីទាំងអស់សម្រាប់លោក ពូទីន ជាពិសេសគឺទឹកដី»។
ការលើកឡើងដូចខាងលើរបស់លោក ហ្សេលេនស្គី គឺស្របពេលដែលមានសេចក្តីរាយការណ៍ព័ត៌មានថា សហរដ្ឋអាមេរិកមានសំណើចង់បង្កកខ្សែបន្ទាត់សមរភូមិមុខនាពេលបច្ចុប្បន្ន ហើយឱ្យមានការទទួលស្គាល់ជាផ្លូវការ ចំពោះការគ្រប់គ្រងរបស់រុស្ស៉ីលើតំបន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា លោក ហ្សេលេនស្គី ប្រហែលជាព្រមលះបង់គ្រីមៀ ដើម្បីសន្តិភាព។ ដោយឡែក យោងតាមសេចក្តីរាយការណ៍ រុស្ស៉ីផ្ទាល់ក៏បានទាមទាររក្សាការកាន់កាប់ នៅលើទឹកដីនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន ដែលកងកម្លាំងរបស់ខ្លួន បាននិងកំពុងត្រួតត្រាផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃរុស្ស៉ីកំពុងគ្រប់គ្រងប្រហែល២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន បន្ទាប់ពីបានធ្វើសង្រ្គាមឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print