ភ្នំពេញ : ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន អង្គការវិជ្ជាជីវៈ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា “ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ” ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកនៃ អង្គការអន្តរជាតិខាងការងារ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធ កម្មករនិយោជិតដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។ នេះជា ឆ្នាំទី២០ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាព ការងារ ២៨ មេសា ក្រោមប្រធានបទ “ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត” ក្នុងគោលបំណងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារ និងកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។ សម្រាប់ឆ្នាំ២០២៥ នេះ ទិវាពិភពលោកដើម្បី សុវត្ថិភាព និងសុខភាពការងារ នឹងរៀបចំឡើងនាថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តព្រះសីហនុ ដោយមានសមាសភាព ចូលរួមមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិខាងការងារ តំណាងនិយោជក តំណាងសហជីព និងកម្មករ និយោជិតសរុបចំនួន ១ ៣០០នាក់។
ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកនេះ និងរួមចំណែកក្នុងការផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាព និង សុខភាពការងារ ព្រមទាំងការបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់បងប្អូនកម្មករនិយោជិត សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំចងបដាពាក្យស្លោក មួយចំនួននៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថាន នូវខ្លឹមសារដូចខាងក្រោម៖
១- អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា។
២- ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ។
៣- ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន។
៤- ត្រូវរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ
៥- មានសុវត្ថិភាពការងារ គឺគ្មានគ្រោះថ្នាក់ការងារ។
៦- ធានាឱ្យគ្រប់កន្លែងការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសុវត្ថិភាពល្អ។
៧- រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។
៨- ជីវិតរបស់ខ្ញុំ ការងាររបស់ខ្ញុំ និងការងារប្រកបដោយសុវត្ថិភាពរបស់ខ្ញុំ។
៩- ការងារសមរម្យ គឺជាការងារប្រកបដោយសុវត្ថិភាព។
១០- បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍គ្រឹះនៅ កន្លែងធ្វើការ។
១១- រួមគ្នាលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និង បញ្ញាសិប្បនិម្មិត (AI)។
១២- ជំរុញការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធតាមដានឆ្លាតវៃ ដើម្បីជួយសហគ្រាស គ្រឹះស្ថាន វាយតម្លៃ ហានិភ័យ និងចាត់វិធានការឆ្លើយតបលើសុវត្ថិភាព និងសុខភាពការងារឱ្យបានទាន់ពេលវេលា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា អង្គការវិជ្ជាជីវៈ ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា