ខេត្តរតនគិរី÷ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនិងដីបាក់ ក ស្លាប់មួយរំពេច។
ករណីបង្កឡើងដោយខ្លួនឯងនេះបានកើតឡើង នៅវេលាម៉ោង១និង២១នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ ២៩១-២៩២ ត្រង់ចំណុចចង្កេះភ្នំកូនសេក ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្បាំង១បញ្ជាក់ថា យុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា វេវ ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1F-9046 ជនរងគ្រោះ(ស្លាប់) ឈ្មោះ ប៉ៀល ដៀល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិព្រួក(ចម្ការសាន់)ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី (ពាក់មួកសុវត្ថិភាព)។
កម្លាំងនគរបាលប៉ុស្តិ៍ល្បាំង១បានចុះមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ ញាតិ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ចំណែក ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើការជួសជុលផងដែរ៕