ខេត្តព្រះសីហនុ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ គិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១៣៩ឆ្នាំ ដែលពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ។
សម្ដេចធិបតី បានថ្លែងបន្តថា សម្រាប់កម្ពុជាវិញ យើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៧៩ និងបានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចគ្នា ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងអាណត្តិទី៧នេះ តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ជាពិសេសបានបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករកម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ៕
ដោយ៖ស តារា