ភ្នំពេញ៖ នាព្រឹកថ្ងៃ២ ខែឧសភា ឆ្នាំ២០២៥ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរិទ្ធិជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា និងមានការចូលរួមពី លោកជំទាវ អគ្គនាយកនៃ អគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការ ក.ជ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មការប្រតិបត្តិនៃកាយរឹទិ្ធជាតិកម្ពុជា។
មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត វិសោធនកម្មធម្មនុញ្ញ ក.ជ.ក. បទបញ្ជាផ្ទៃក្នុង ក.ជ.ក. គោលនយោបាយ ក.ជ.ក. ផែនការយុទ្ធសាស្ត្រ ក.ជ.ក. ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ក.ជ.ក. និងគណៈ កម្មាធិការប្រតិបត្តិ ក.ជ.ក. ព្រមទាំងភារកិច្ចផ្សេងៗទៀត តាមតម្រូវការចាំបាច់។ គិតត្រឹមឆ្នាំ២០២៥នេះ កាយរឹទ្ធិជាតិកម្ពុជា បាន រៀបចំធ្វើមហាសន្និបាតរបស់ខ្លួន ចំនួន៤លើក និងមហាសន្និបាតវិសាមញ្ញ១លើក។ មហាសន្និបាតលើកទី១ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ លើកទី២ នៅថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០១០ លើកទី៣ នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០១៦ លើកទី៤ ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ និងមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។
បន្ទាប់ពីបានធ្វើបទបង្ហាញពីក្រុមការងារបច្ចេកទេសតាមសេចក្តីព្រាងរបៀបវារៈ និងឯកសារសំខាន់ៗពាក់ព័ន្ធទៅនឹងការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញានៅក្នុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លោកស្រី រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានផ្តល់មតិ យោបល់យ៉ាងផុសផុលទៅលើការងារនេះ ក៏ដូចជាបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តការងាររៀប ចំកិច្ចប្រជុំខ្លឹមសារដោយឡែក ដើម្បីបន្តប្រមូលធាតុចូលបន្ថែមទៀត ក្នុងគោលដៅធានាបានថា ដំណើរការមហាសន្និបាតវិសាមញ្ញ ក.ជ.ក. នឹងប្រព្រឹត្តប្រកប ដោយភាពរលូនល្អ និងជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ដែរថា មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នឹងរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នារសៀលថ្ងៃទី២ នៃពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕