ភ្នំពេញ៖ ក្រសួងព័ត៌មាន មានកត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចូលរួមទាំងអស់ មេត្តាជ្រាបថា ដើម្បី ធានាសន្តិសុខ សុវត្ថិភាព និងរក្សារបៀបរៀបរយ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖
១- អង្គភាពនីមួយៗ សូមចាត់តំណាងមកទទួលបណ្ណចូលរួម ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ នៅជាន់ទី១ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រៀងរាល់ ម៉ោងធ្វើការ។
២- អ្នកចូលរួមត្រូវពាក់បណ្ណសម្គាល់ជានិច្ចក្នុងដំណើរការនៃកម្មវិធី។ បណ្ណត្រូវទុកជាមោឃៈ ករណី មានការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រង់កម្មវិធី។
៣- សូមអញ្ជើញដល់ទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) នៅ ម៉ោង ១៣:០០ នាទីរសៀល។
៤- សម្រាប់ច្រកចេញ-ចូលត្រូវបានកំណត់ដូចខាងក្រោម៖
ច្រកចូលអាគារ E និង G (ផ្លូវខាងជើង) សម្រាប់អង្គភាពវិទ្យុ ទូរទស្សន៍ និងអ្នកផលិត មាតិកា ច្រកចូលអាគារ A និង B (ផ្លូវខាងត្បូង) សម្រាប់អង្គភាពកាសែត គេហទំព័រ ទស្សនាវដ្ដី ព្រឹត្តិបត្រ រោងពុម្ព ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំកម្ពុជា
៥- មិនត្រូវបានអនុញ្ញាតឱ្យយកចូលនូវ៖ ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ (Bag pack) កាបូបយួរដៃធំៗ Power bank (ដែលមានថាមពលលើសពី ១០.០០០ mAh) អាវុធមុត ស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដ៏ទៃទៀតដែលអាចបង្កហានិភ័យ។
៦- សម្លៀកបំពាក់ នារី៖ ប្រពៃណី បុរស៖ អាវធំ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចូលរួមទាំងអស់ មេត្តាជ្រាប និងសហការអនុវត្ត៕ដោយ៖តារា