លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជា អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។
នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន សន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកសមាជិករដ្ឋសភាជប៉ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលលោក មកទស្សនកិច្ចនៅកម្ពុជា។ លោក ក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ លោកសមាជិករដ្ឋសភាក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំង ថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្តុះបណ្តាល លើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ លោកសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្តានុពល ជាពិសេស លើផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់ប ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិត ផលិតផលនានា ប្រកបដោយគុណភាព ដែលការណ៍នេះ នឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្តាលមួយរបស់អាស៊ាន។

លោកសមាជិករដ្ឋសភា ក៏បានបន្ថែមថា សក្តានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជា ច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង Minebea ជាដើម ខណៈពេលដែល មានក្រុមហ៊ុនជប៉ុនជាច្រើនផ្សេងទៀតកំពុងចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ លោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការកៀរគរ ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យ បានកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន។ សម្តេចបវរធិបតី ក៏បានថ្លែង អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុង ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ។ សម្តេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិក ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចបវរធិបតី បានគូស រំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

មុននឹងបញ្ចប់ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិន ជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print