ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូកីឡាទាំង ២៥ រាជធានី/ខេត្ត គរុសិស្ស និស្សិត កីឡាករ និងកីឡាការិនី។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះចាប់ផ្ដើមពីថ្ងៃទី២ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងត្រូវប្រកួតលើ ១៣ប្រភេទកីឡា៦៨វិញ្ញាសា ក្រោមប្រធានបទ“កីឡាដើម្បីសុខភាពសិក្សា” ដែលមានប្រតិភូកីឡាមកពី ២៥រាជធានី-ខេត្ត ចំនួនប្រមាណ ៣ ០២៦នាក់ ចូលរួមប្រកួត។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡារួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានីខេត្ត ដែលបានសហការរៀបចំការប្រកួតនេះឡើងប្រកបដោយបរិយាកាសរីករាយ និងការចូលរួមពីគ្រប់ភាគីយ៉ាងផុសផុល។ រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ដល់សុខ ភាពសិក្សារបស់ក្មួយៗ សិស្សានុសិស្ស ដោយដាក់ចេញគោលការណ៍ និងវិធានការជាច្រើនដើម្បីឱ្យសាលាវរៀនមានបរិយាកាសល្អ បរិស្ថានល្អ អនាម័យល្អ ម្ហូបអាហារ ភេសជ្ជៈធានាអនាម័យល្អ និងមានកម្មវិធីអប់រំកាយនិងកីឡា ដើម្បីពង្រឹង សមត្ថភាពរាងកាយរឹងមាំ កាត់ បន្ថយបន្ទុកស្ត្រេសអវិជ្ជមានក្នុងការសិក្សា បង្កើនគុណ ភាពជីវិតឱ្យក្មួយៗសិស្សានុសិស្ស ទទួលបាន សុខភាពល្អផង បញ្ហាស្មារតីរឹងមាំក្នុងការសិក្សាផង។
ការជួបជុំគ្នា ដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សានេះគឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ ពោលគឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់ក្មួយៗ ឱ្យទទួលបានជោគជ័យ។ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការធ្វើសកម្មភាពអប់រំកាយនិងកីឡាជាប្រចាំនិងទៀង ទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ ក៏អាចជួយឱ្យក្មួយៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។
ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនក្នុងអំឡុងពេលប្រកួតដូចតទៅ៖
– សូមគណៈកម្មការរៀបចំការប្រកួតពង្រឹងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់លើការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ដែលជាសេវាចាំបាច់និងសំខាន់ដើម្បីធានាឱ្យក្មួយៗមានសុវត្ថិភាព សុខភាពល្អ និងភាពកក់ក្តៅអំឡុងពេលប្រកួតពីព្រោះក្មួយៗនៅកម្រិតបឋមសិក្សានៅជាកុមារតូចនៅឡើយ។
– សូមប្រធានប្រតិភូ លោកគ្រូ អ្នកគ្រូ ជួយដឹកនាំ ថែទាំ និងសង្កេតតាមដានសុខភាពក្មួយៗជាប្រចាំ និងដាក់វិន័យក្នុងការដើរហើរ ការគេង និងការចូលរួមប្រកួតកីឡាឱ្យបានហ្មត់ចត់ ដើម្បីបង្កលក្ខណៈ ឱ្យក្មួយៗចេះគោរពក្រុម និងធ្វើការជាក្រុមបានល្អប្រសើរអំឡុងពេលប្រកួត។
– សូមលោកគ្រូ អ្នកគ្រូ ក្មួយៗ កីឡាករ កីឡាការិនី គោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេស កីឡា និងបទបញ្ជាការប្រកួត ជៀសវាងទំនាស់ ឬបង្កជាសកម្មភាពហឹង្សាក្នុងទីលានប្រកួត ធ្វើឱ្យខូចបរិយាកាសនៃការប្រកួត។
– ក្មួយៗត្រូវជឿជាក់លើខ្លួនឯង លើសុខភាពខ្លួនឯងនៅអំឡុងពេលមុនចូលរួមប្រកួត បើមានបញ្ហាសុខភាពត្រូវប្រាប់លោកគ្រូ អ្នកគ្រូ ឬរកសេវាពិនិត្យសង្គ្រោះព្យាបាលបឋមភ្លាម កុំចូលរួមប្រកួតទាំងឈឺ ហើយជៀសវាងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលប្រកួត។
– សូមឱ្យការប្រកួតនេះបង្កើតនូវអនុស្សាវរីយ៍ល្អៗ ការចងចាំល្អៗ និងការលើកទឹកចិត្ត ជំរុញទឹកចិត្ត ខ្លាំងក្លាដល់ក្មួយៗសិស្សានុសិស្ស ដើម្បីបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន FBT Cambodia ដែលបានចូលរួមឧបត្ថម្ភការប្រកួត ជាពិសេសសូមអរគុណចំពោះប្អូនៗសិស្សានុសិស្ស អាណាព្យាបាល ឪពុកម្តាយ ដែលបានជឿជាក់លើ ការដឹកនាំតម្រង់ទិសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យក្មួយៗក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ទៅថ្ងៃអនាគត និងជូនពរក្មួយៗសិស្សានុសិស្សប្រកួតកីឡាបឋមសិក្សានាពេលនេះ បានទទួលជ័យជំនះទាំងអស់គ្នា៕