សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃ​អាទិត្យ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។

លោករដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាពចំនួន៣ សំខាន់ៗដូចខាងក្រោម៖

១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer)។

២. ការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅ ប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

៣. ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផល ប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ច ផ្ទាល់នៅ ក្រុមហ៊ុន Asia-Potash ដែលជាក្រុមហ៊ុនលំដាប់លេខ៥ក្នុងពិភពលោកលើការផលិតជីប៉ូតាស (potash-based fertilizer)។ ដំណើរទស្សនកិច្ចនេះមានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយក ផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជា។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោករដ្ឋមន្ត្រី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាមួយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី ក៏ដូចជាការងារអាទិភាព ដែលបានឯកភាពគ្នា ព្រមទាំងស្នើសុំការគាំទ្រពី លោកនាយករដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការទាំងនេះ។ 

លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ និងបានផ្តាំផ្ញើ សួរសុខទុក្ខត្រលប់វិញជូនដល់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថានឹងមានឱកាសជួបជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីភាពរួមគ្នានៃចក្ខុវិស័យរបស់ប្រទេសទាំងពីរ និងបានផ្តល់គោលការណ៍ឱ្យក្រសួងកសិកម្មឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជាបន្ថែមទៀត។

ដំណើរទស្សនកិច្ចផ្លូវការនេះបានបញ្ចប់ដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យកសិកម្មរវាងប្រទេសទាំងពីរ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print