ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ និងអភិបាលធនាគារកណ្តាលដែលរៀបចំឡើងនៅអុីតាលីនាពេលថ្មីៗនេះ ជប៉ុនបានសង្កត់ធ្ងន់ម្តងទៀតនូវគោលជំហររបស់ខ្លួនលើគោលនយោបាយពន្ធដាររបស់អាមេរិក។
តំណាងប្រទេសជប៉ុនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ និងអភិបាលធនាគារកណ្តាលលើកនេះមានរដ្ឋមន្ត្រីហិរញ្ញវត្ថុ Kato Katsunobu និងទេសាភិបាលរងធនាគារកណ្តាល Himino Ryozo។ នៅក្នុងសន្និសីទនេះ មេដឹកនាំហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន+៣ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមានដែលគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកមានលើសេដ្ឋកិច្ចអាស៊ី។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញក្នុងសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ និងអភិបាលធនាគារកណ្តាលបានសង្កត់ធ្ងន់ថា “ការកើនឡើងនៃរបបគាំពារនិយមបាននាំឱ្យមានការរំខានដល់សកម្មភាពសេដ្ឋកិច្ច បង្កហានិភ័យដែលមិនអាចទាយទុកជាមុនបានចំពោះកំណើននាពេលអនាគត” ខណៈពេលដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃពាណិជ្ជកម្មសេរីពហុភាគីដោយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសន្យាបន្តជំរុញការពង្រីកការវិនិយោគ និងពាណិជ្ជកម្មនៅអាស៊ី។ ជប៉ុនក៏បានលើកឡើងពីទស្សនៈរបស់ខ្លួនលើគោលនយោបាយពន្ធរបស់សេតវិមាន។
ឆ្លើយតបនឹងសារព័ត៌មានស្តីពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Kato បានមានប្រសាសន៍ថា “នៅក្នុងសន្និសីទនេះ ប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា ខ្លួនបាននិងកំពុងស្នើសុំឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវគោលនយោបាយពន្ធរបស់ខ្លួន ហើយនឹងបង្កើនការចរចា។
ជប៉ុនក៏សង្ឃឹមផងដែរថា បណ្តាប្រទេសអាស៊ីនឹងកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់លាក់មួយឆ្ពោះទៅកាន់ការរក្សារបបពាណិជ្ជកម្មសេរី ហើយសន្យាថានឹងចូលរួមចំណែកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មដោយផ្អែកលើគោលការណ៍ “ផលប្រយោជន៍ទៅវិញទៅមក”៕ ដោយធីរីណា
រូបថត: NHK NEWS