ភ្នំពេញ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ៖ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ»។
នៅក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបទក្រហមកម្ពុជា សូមគោរព៖ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បង-ប្អូនជនរួមជាតិ ជាទីស្រឡាញ់រាប់អាន!
ក្នុងឱកាសដ៏ប្រពៃនៃទិវាឆ្មបជាតិ-អន្តរជាតិ ឆ្នាំ២០២៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ក្នុងការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេល មានគ្រោះអាសន្ន គ្រោះមហន្តរាយ” – “Midwives: Critical in Every Crisis” ។
ប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ៥ឧសភា២០២៥ ប្រព្រឹត្តឡើងក្នុងស្ថានភាពដែលសភាពការណ៍ តំបន់ និងពិភពលោក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្នធ្វើឱ្យពិភពលោកយើងនេះ ជួបប្រទះបញ្ហា ជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ បរិយាកាស ការឡើងកម្ដៅ ភាពរាំងស្ងួត ភ្លើងឆេះព្រៃ ឆេះផ្ទះ គ្រោះ រញ្ជួយដី គ្រោះទឹកជំនន់ ស៊ូណាមី អំពើហិង្សា-ជម្លោះប្រដាប់អាវុធ និងការរីករាលដាលនៃជំងឺឆ្លងផ្សេងៗផងដែរ។ រៀងរាល់ឆ្នាំគ្រោះអាសន្ន គ្រោះមហន្តរាយដូចដែលបានលើកឡើងមកនេះ បានសម្លាប់មនុស្ស និងបានធ្វើឱ្យ មនុស្សជាច្រើនបាត់បង់ផ្ទះ បាត់បង់ទ្រព្យសម្បត្តិ ហើយត្រូវធ្វើការបន្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាព មានអ្នកព្រាត់ប្រាសគ្រួសារ និងបន្សល់នូវកុមារកំព្រាជាច្រើននាក់ ដែលនេះជាសារដាស់តឿនឱ្យយើងទាំងអស់គ្នា រួមគ្នាត្រៀមខ្លួនឱ្យបានដើម្បីទប់ទល់នឹងការប្រែប្រួលថ្មីនេះ។ ជាក់ស្តែងក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៥នេះ គ្រោះមហន្តរាយ ជាពិសេសគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ថៃ វៀតណាម ចិន ឡាវ បានផ្តល់ផលវិបាក ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សា អគារមន្ទីរពេទ្យ ទីកន្លែងសាសនា ទីកន្លែងទេសចរណ៍-វប្បធម៌ និង ប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា និងនៅទីក្រុងបាងកកប្រទេសថៃ។
ដោយឡែក ទោះបីជាប្រទេសកម្ពុជាមិនទាន់ជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែយើងអាចជួប គ្រោះទឹកជំនន់ផងដែរ ដូចនេះការបង្កើនការអប់រំសុខភាព បង្កើនចំណេះដឹង និងជំនាញសង្គ្រោះបឋមត្រូវតែ ធ្វើជាប្រចាំ។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការកែលម្អ ពង្រីក និងពង្រឹងមណ្ឌលសុខភាព មន្ទីរពេទ្យ បង្អែកស្រុក មន្ទីរពេទ្យខេត្តឱ្យមានលក្ខណៈប្រសើរថែមទៀត ជាពិសេសពង្រឹងប្រព័ន្ធសុខាភិបាល ត្រៀមជាស្រេច សម្រាប់ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង គ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើង។
អាស្រ័យហេតុនេះហើយ ខ្ញុំសូមយកឱកាសនៃទិវាឆ្មបជាតិ-អន្តរជាតិនេះ អំពាវនាវចំពោះបង-ប្អូន កូន-ក្មួយ ជនរួមជាតិទាំងអស់ដូចតទៅ៖
១. សូមចូលរួមសហការ និងជួយផ្សព្វផ្សាយបន្តសារអប់រំសុខភាពទាំងអស់ដែលក្រសួងសុខាភិបាល បានចេញផ្សាយ។ សូមជួយជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលវេលាកំណត់ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ទៅពិនិត្យតាមដានសុខភាពក្រោយពេល សម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាព កុមារតូចតាមកាលកំណត់។
២. សូមចូលរួមសហការ និងជួយដល់ក្រុមគ្រូពេទ្យ ក្រុមសង្គ្រោះ ក្នុងការត្រៀមលក្ខណៈជាមុន សម្រាប់ឆ្លើយតបភ្លាមៗក្នុងករណីមានហេតុការណ៍ណាមួយកើតឡើង។ សូមជួយពង្រឹងសមត្ថភាព សង្គ្រោះបន្ថែមទៀតដល់ឆ្មប ពីព្រោះឆ្មបតែងតែស្ថិតនៅជាមួយស្ត្រី និងកុមារ ពិសេស ឆ្មបជំនាញ ជាអ្នកជួយដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងឈឺពោះសម្រាល ស្ត្រីទើបនឹងសម្រាលកូនរួច ទារក កុមារ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
៣. សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ ចូលរួមគាំទ្រ អនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប អ្នកផ្តល់សេវាទាំងអស់ អនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចតាម គោលដៅកំណត់។ សូមជួយចែករំលែកព័ត៌មានស្តីពី សភាពការណ៍ថ្មីៗឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ តាមដាន និងឆ្លើយតបបានរហ័សទៅនឹងគ្រោះអាសន្ន គ្រោះមហន្តរាយ។
៥.
សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការជិតស្និទ្ធជាមួយ មន្ត្រី បុគ្គលិក សុខាភិបាល ជួយធ្វើការអប់រំ ផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដានជំរុញ បញ្ជូនស្ត្រី ឬ យុវតីឱ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬតាមការណាត់ ជួបកុំបីខាន។
៦. សូមស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់ គាំទ្រ និងបន្តវិនិយោគទាំងផ្នែកបច្ចេកទេស ទាំងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ។
ខ្ញុំសូមអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ អង្គការជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជន ទាំងអស់ដែលបាន និងកំពុងគាំទ្រដល់ការងារឆ្មប ដើម្បីធ្វើឱ្យប្រសើរឡើង សុខភាពមាតា ទារក និងកុមារ ឆ្ពោះទៅ សម្រេចបានជោគជ័យតាមគោលដៅកំណត់របស់ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាឆ្មបជាតិ-អន្តរជាតិ ឱ្យស្ថិតនៅសារពិសេសមួយដែលដាស់តឿន យើងទាំងអស់គ្នាក្នុងការត្រៀមខ្លួនដើម្បីទប់ទល់នឹងការប្រែប្រួលថ្មីៗ និងក្នុងការឆ្លើយតបទៅនឹងគ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន និងគ្រប់គ្រោះមហន្តរាយ៕ដោយ៖តារា