ខ្សែការពារស្លាបស្តាំរបស់ជម្រើសជាតិអង់គ្លេស Trent Alexander-Arnoldបានប្រកាសថាគាត់នឹងចាកចេញពីក្រុមហង្សក្រហមLiverpoolនៅចុងរដូវកាលនេះដើម្បីទៅចូលរួមជាមួយក្រុមReal Madrid នៅរដូវកាលក្រោយ។
កើតនៅទីក្រុង Liverpool កីឡាករ Alexander-Arnold បានអភិវឌ្ឍខ្លួនពីកុមារវ័យ៦ឆ្នាំរហូតដល់ថ្នាលយុវជន ដើម្បីក្លាយជាខ្សែការពារស្តាំដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយបានឈ្នះពានរង្វាន់ Premier League ចំនួនពីរដង Champions League មួយដង និង Club World Cup ជាមួយក្រុមអង់គ្លេសLiverpoolដោយលេងបានចំនួន៣៥២ប្រកួត។
កីឡាករវ័យ២៦ឆ្នាំAlexander-Arnold បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា “ក្លឹបនេះគឺជាជីវិតរបស់ខ្ញុំទាំងមូល – ពិភពលោកទាំងមូលរបស់ខ្ញុំ – អស់រយៈពេល 20 ឆ្នាំ” ។
របាយការណ៍ព័ត៍មានកាលពីដើមរដូវកាលបានអះអាងថា ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុម Real Madrid ដែលមានតម្លៃខ្លួន 240,000 ផោនក្នុងមួយសប្តាហ៍ ហើយរួមទាំងការចុះហត្ថលេខាលើតម្លៃដ៏ច្រើនផងដែរ។