ភ្នំពេញ៖ ស្ត្រីម្នាក់បានទាញកាំបិតដេញចាក់បុរសម្នាក់ ចោទថាបុរសខាងលើ តាំងខ្លួនជាមនុស្សរបស់សាលាខណ្ឌចំការមន បន្ទាប់ពីបានទះកំផ្លៀងគាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្បែរស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីស្ត្រីអ្នកលក់ដូរបានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានមកលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បន្ទាប់មកក៏មានបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ដោយតាំងខ្លួនជាកូនចៅសាលាខណ្ឌ បានមកសួរនាំគាត់អំពីការលក់ដូរ និងសួរនាំគាត់តើនរណាជាអ្នកឲ្យលក់ដូរតាមចិញ្ចើមផ្លូវនេះ។
ស្រ្ដីខាងលើបានឆ្លើយតបថាគាត់ទើបតែមកលក់ដូរនោះទេ ហើយលក់ក្រោយគេថែមទៀត ចំណែកអ្នកផ្សេង លក់ដូរបានដូចគ្នា និងលក់ធំៗជាងគាត់ទៀត ហេតុអ្វីមិនទៅរករឿង ហេតុអ្វីបានជារករឿងកន្លែងគាត់? ឬមកពីគាត់មិនបង់លុយ? ឬដោយសារគេកន្លែងធំជាងមានលុយបង់ ហើយគាត់អត់បានបង់ទើបរករឿងបែបនេះ ។ និយាយរួច បុរសខាងលើបានប្រើប្រាស់ហិង្សាមកលើគាត់ ដោយទះកំផ្លៀងគាត់ ទើបគាត់យកកាំបិតមកការពារខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
តាមការបញ្ជាក់ពីបុរសស៊ីវិលដែលតាំងខ្លួនជាកូនចៅសាលាខណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានសួរនាំស្ត្រីខាងលើថាពីណាគេអោយគាត់មកលក់អីនៅហ្នឹង ហើយដាក់លក់ ដាក់ឡើងលើអោយផុតៗទៅ កុំដាក់ផ្លូវកែងផ្លូវបត់អ៊ីចឹង! តែស្ត្រីរូបនោះបានសួរគាត់ថាអ្ហែងមកពីណា? អ្ហែងមកសួរនាំអញហ្នឹង អ្ហែងមានសិទ្ធិអី? ។
បុរសខាងលើបានបន្តថា ស្ត្រីខាងលើបានយកកាំបិតដេញចាក់គាត់ ដោយឃើញដូចនេះគាត់ក៏ថយក្រោយ តែស្ត្រីខាងលើនៅតែបន្តរុលដាក់គាត់ទៀត ទើបគាត់ទះចេញតែម្តងទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់នាំនាក់ទាំង២ទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនាំនិងដោះស្រាយតាមនីតិវិធី ជាចុងក្រោយស្ត្រីខាងលើ និងបុរសស៊ីវិលខាងលើបានសុំស្មើរគ្នា ក៏បញ្ចប់គ្នាតែម្តង ៕