ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ជំងឺAnthrax(ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ចំពោះការឆ្លងនេះ បណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជា៖ សត្វគោ ក្របី ជាដេីម ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា ជាក់ស្ដែងខេត្តមុកដាហាន ប្រទេសថៃ បានរកឃេីញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលេីមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់ ។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់ ។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា ជំងឺបង្កឡេីងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។ ដូច្នេះសូមទំនាក់ទំនងព័ត៌មានបន្ថែមលេខទូរស័ព្ទ ១១៥ ៕ដោយ៖តារា