រឿង៖ រលកជីវិត(ត)

ចែករំលែក៖

* ជម្លៀសប្រជាជនចេញពីភូមិ÷
កន្លងបានប្រហែល ២ ថ្ងៃខ្មែរក្រហមបានមកប្រាប់អំពីគោលដៅជម្លៀសប្រជាជនចេញពីភូមិក្នុងថ្ងៃស្អែក ហើយខ្មែរក្រហមក៏បានមកឆែកឆេររុករើរកអីវ៉ាន់ដែលសំខាន់ៗ។ ពួកគេរឹបអូសយកអីវ៉ាន់ដោយគំរាម។ ក្រុមគ្រួសាររបស់ខ្ញុំនៅសល់អង្ករពាក់កណ្ដាលធុង ប្រហុក អំបិលស្ករត្នោត ចានឆ្នាំង កំសៀវទឹក និងថ្នាំពេទ្យបានខ្លះដែរ។ ពេលនោះចំនួនមនុស្សប្រហែល៣០ គ្រួសារត្រូវបានជម្លៀសជាមួយខ្ញុំ។ យើងធ្វើដំណើររយៈពេលមួយយប់មួយថ្ងៃទើបដល់ទិសដៅ។
បងប្អូនរបស់ខ្ញុំទាំងបីគ្រួសារត្រូវជម្លៀសក្នុងដំណើរជាមួយគ្នា។នៅពេលធ្វើដំណើរជិតដល់ភូមិសមមិត្តដែលនាំយើងទៅបានជួបជាមួយនឹងសមមិត្តពីរនាក់ផ្សេងទៀត។ សមមិត្តពីរនាក់នោះបាននិយាយឱ្យយើងដឹងថាប្រហែលជា ៥ ថ្ងៃទៀតអង្គការនឹងដោះលែងអ្នកជាប់ទោសឲ្យមកជុំគ្រួសារវិញ។ ឮដូច្នោះពួកយើងនឹកត្រេកអរក្នុងចិត្តណាស់ ទោះបីជាយើងរសាត់ដល់ទីណាក៏ដោយឲ្យតែយើងបាននៅជួបជុំរួមសុខរួមទុក្ខជាមួយគ្នាក៏អស់ចិត្តដែរ។
គ្រានោះអង្គការបានយកពួកយើងទៅផ្ញើតាមភូមិចំនួន ២ គឺភូមិអូរអង្គរ និងភូមិកោះណូ។ ខ្ញុំនឹងបងរបស់ខ្ញុំបានទៅនៅភូមិអូរអង្គរ។ គេធ្វើរោងវែងឱ្យយើងស្នាក់នៅជាច្រើនគ្រួសារចូលគ្នា ហើយក៏មានប្រជាជនខ្លះរស់នៅលើផ្ទះអ្នកភូមិដែរ។ ប្រជាជនដែលមកនៅក្នុងភូមិនេះមុនសុទ្ធតែញាតិមិត្តធ្លាប់ស្គាល់គ្នា។ ប្រជាជនដែលមករស់នៅទីនេះមុន ៣ ខែនៅសល់តែស្ត្រីៗ និងកុមារទេ។ចំណែកឯបុរសៗ ត្រូវអង្គការកម្ទេចចោលអស់តាំងពីពេលមកដល់ដំបូងម្ល៉េះ។ ប្រជាជននៅក្នុងភូមិអូរអង្គររស់នៅរួម ហូបបាយរួម។ ដំបូងៗយើងមានបាយហូបប៉ុន្តែក្រោយមកដោយជិតអស់ស្រូវទើបយើងប្ដូរមកហូបបបរវិញ។
* ដំណឹងពីប្ដីរបស់ខ្ញុំ÷
ថ្ងៃនេះខ្ញុំបានមករស់នៅក្នុងទឹកដីអូរអង្គរបាន ៦ ថ្ងៃហើយ។ ខ្ញុំនៅតែចងចាំសម្ដីរបស់សមមិត្តដែលនិយាយថានឹងមានលែងអ្នកទោសឲ្យមករស់នៅជួបជុំគ្រួសារវិញ។ រាល់ពេលល្ងាចមុនថ្ងៃជិតលិចខ្ញុំតែងតែពកូនទៅអង្គុយរង់ចាំមើលផ្លូវប្ដី។ ខ្ញុំរង់ចាំមើលផ្លូវប្ដីរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅតែមិនឃើញគាត់ត្រឡប់មកវិញដូចសម្តីរបស់សមមិត្តនិយាយសោះ។ ជីវិតរបស់ខ្ញុំអាណោចអាធ័មណាស់។ យប់ឡើងអង្គុយបំពេរកូនម្នាក់ឯងទឹកភ្នែកហូរឥតឈប់ ព្រោះយំអាណិតកូន អាណិតប្ដី និងក្រុមគ្រួសារ។ ខ្ញុំតែងតែនឹកដល់សុខទុក្ខរបស់ម្ដាយឪពុកជរារបស់ខ្ញុំមិនដឹងជាយ៉ាងណា បើយើងដាច់ខ្សែរយៈអស់ហើយ។
ថ្ងៃមួយខ្ញុំបានជួបជាមួយបុរសអ្នកស្រុកជាមួយគ្នាម្នាក់ដែលជាប់ទោសដំណាលគ្នាជាមួយនឹងប្ដីរបស់ខ្ញុំ។ អង្គការបានឲ្យគាត់ទៅធ្វើការនៅការដ្ឋានក្បែរភូមិរបស់ខ្ញុំ ហើយបានមកសម្រាកនៅភូមិ។ នារីៗ ដែលមានប្ដីជាប់ទោសបាននាំគ្នាទៅសួរដំណឹងប្ដីគ្រប់ៗគ្នា។បុរសនោះឈ្មោះ នី សែល បានឆ្លើយប្រាប់យើងថា គាត់មិនដឹងទេ ព្រោះគាត់បានរួចទោសយូរដែរមកហើយ។ ដោយឃើញទឹកមុខរបស់ខ្ញុំអស់សង្ឃឹម គាត់បានប្រាប់ខ្ញុំថា កាលដែលគាត់នៅទីនោះគាត់បានឃើញម៉េងហ៊រ(ប្ដីរបស់ខ្ញុំ)តែមិនអីទេ ម៉េងហ៊រ មិនកើតអីទេ។ ខ្ញុំដឹងក្នុងចិត្តថាគាត់កុហកខ្ញុំ។ ខ្ញុំអស់សង្ឃឹមណាស់ខ្ញុំយំឡើងស្ងួតទឹកភ្នែកអស់ទៅហើយ។ ក្នុងរយៈពេល៣ខែនេះ ខ្ញុំគិតរកធូបអុជឧទ្ទិសដល់ប្ដី ព្រោះខ្ញុំប្រាកដក្នុងចិត្តថាគាត់ស្លាប់ពិតមែនហើយ។
មួយខែក្រោយ មកនៅល្ងាចថ្ងៃមួយខ្ញុំបាននាំកូនទៅងូតទឹកអណ្ដូងក្រោយរោងស្នាក់នៅ។ ខ្ញុំស្រាប់តែឮសំឡេង មីងហូរ ដែលមកពីភូមិសាត្រាមនិយាយដោយត្រេកអរប្រាប់អ្នករស់នៅជាមួយគ្នាថា អ្នកទោសចំនួន ៤ នាក់ត្រូវអង្គការឱ្យរួចខ្លួន និងមកដល់ភូមិសាត្រាមហើយ។ គាត់បន្ថែមទៀតថា គាត់ឃើញច្បាស់ណាស់ ព្រឹកនេះអង្គការជូនពួកគេមកនៅភូមិអូរអង្គរអស់ហើយ។ ពេលនោះស្ត្រីៗ ដែលមានប្ដីជាប់ទោសឡើងទៅលើផ្ទះសួរនាំគាត់អំពីភិនភាគអ្នកទោសទាំងនោះ។ ខ្ញុំឮភ្លាមសង្ស័យថាប្រាកដជាមានប្ដីរបស់ខ្ញុំដែរ។ បន្ទាប់ពីមុជទឹកឱ្យកូនរួច ខ្ញុំងូតទឹករួចពកូនដើរមកលើរោងហើយទៅសួរ មីងហូរ ផ្ទាល់។ តាមដែលគាត់ប្រាប់ខ្ញុំជឿប្រាកដថា ជាប្ដីរបស់ខ្ញុំហើយ។ ខ្ញុំញញឹមក្នុងចិត្តរួចត្រឡប់មករោងវិញ ស្រាប់តែបងស្រី និងម្ដាយមីងរបស់ខ្ញុំបានមកប្រាប់ខ្ញុំថា ប្ដីរបស់ខ្ញុំត្រឡប់មកវិញហើយ។ ខ្ញុំត្រេកអរក្នុងចិត្តណាស់ ខ្ញុំនិយាយជាមួយកូនថា ប៉ាកូនមកវិញហើយ។
លុះព្រឹកឡើងខ្ញុំដាំបបររង់ចាំប្ដី។ ម៉ោងប្រហែល ៩ ព្រឹកខ្ញុំឃើញគាត់ពីចម្ងាយមានទទូរក្រមាជិតមុខ។ បងស្រីរបស់ខ្ញុំទៅទទួលគាត់មុន។ ពេលដែលគាត់មកដល់មុខរោង ហើយបើកក្រមាឡើងខ្ញុំស្ទើរតែមិនជឿនឹងរូបរាងរបស់គាត់។ ពុទ្ធោ! ប្ដីរបស់ខ្ញុំស្គមស្គាំងមើលមិនយល់ សាច់ឡើងខ្មៅស្រអាប់។ គាត់ឃើញខ្ញុំភ្លាមគាត់ហូរទឹកភ្នែករហាម ហើយពោលប្រាប់ទាំងអស់គ្នាថា ខ្ញុំមិននឹកស្មានថាខ្ញុំបានរស់មកដល់ទីនេះទេ។ ពេលដែលខ្ញុំដើរទប់ខ្លួននឹងឈើច្រត់ អង្គការនៅតែឲ្យខ្ញុំទៅធ្វើការទៀត។ ប្រសិនបើនៅតែ ១០ ថ្ងៃទៀតខ្ញុំមិនអាចដើរមកដល់ទេ។ និយាយរួចប្ដីរបស់ខ្ញុំបានកិលខ្លួនទៅរកកូន រួចនិយាយជាមួយកូនថា កូនប្រុសប៉ាចាំប៉ាបានទេ? ពេលនោះបងរបស់ខ្ញុំនិង ខ្ញុំបានឆ្លើយព្រមគ្នាថា អង្គការមិនឲ្យហៅប៉ាម៉ាក់ទេ គេឲ្យហៅថា ឪវិញដើម្បីឲ្យសមស្របនឹងការរស់នៅក្នុងភូមិស្រុកនេះ។

រយៈពេលមួយខែខ្ញុំខំរកអាហារបំប៉នសុខភាពប្ដីរបស់ខ្ញុំ។ ខ្ញុំបានទៅជួបអ្នកនៅរោងបាយសុំបើកអង្ករយកមកដាំហូបខ្លួនឯង ដើម្បីឲ្យសុខភាពរបស់គាត់ឆាប់បានរឹងមាំឡើងវិញ។ យើងសំណាងណាស់ ប្ដីរបស់ខ្ញុំមានញាតិធម៌នៅភូមិក្រយាបានផ្ញើចេកឲ្យយើងជិតពីរស្ទង ។ ក្រោយមកម្ដាយឪពុករបស់ខ្ញុំបានសុំច្បាប់អង្គការមកសួរសុខទុក្ខយើងទៀត ព្រមទាំងមានអង្ករ ត្រីឆ្អើរ ដំឡូងមីដំឡូងជ្វា និងដំឡូងក្រៀម យកមកផ្ញើដែរ។ ខ្ញុំនឹងបងប្អូនទាំងអស់គ្នាត្រេកអរណាស់ ព្រោះឃើញម្ដាយឪពុករបស់ខ្ញុំនៅមានសុខភាពល្អ។ គាត់ថា គាត់ខំពង្រឹងជំហរថែមទាំងខំដាំដំណាំយកផលដើម្បីជួយកូន។ មិនយូរប៉ុន្មានអ្នកភូមិដាច់ស្បៀង ហើយអង្គការបានបើកសិទ្ធិឲ្យអ្នកភូមិទៅរកទិញស្បៀងអាហារចិញ្ចឹមខ្លួនឯង។ អង្គការឈប់ចិញ្ចឹមយើងហើយ។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print