ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិ ត្រូវចូលរួមការពារសន្តិភាពទាំងក្នុងប្រទេសខ្លួន និងទាំងក្នុងតំបន់ផងដែរ ប៉ុន្តែកម្ពុជាបែរជាត្រូវ រងការរិះគន់ថា និយាយតែពី «សន្តិភាព» ទៅវិញ។
ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី «ទស្សនៈនិងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃអង្គារទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយុវជនមួយចំនួនបែរជាភ្លេចពីគុណតម្លៃនៃសន្តិភាព ហើយអនុវត្តនយោបាយជ្រុលនិយមចង់បំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍ ដោយពួកគេចាំត្រឹមតែពាក្យថា «លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ប៉ុន្តែគេភ្លេចពាក្យ «សន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សន្តិភាពមិនអាចគង់វង្សបានទេ ប្រសិនបើគ្មានការផ្សះផ្សារជាតិ និងការបង្រួបបង្រួមជាតិនោះ៕
ដោយ ៖ សិលា