សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី៦ ខែឧសភាបានផ្សាយថា មន្រ្តីរុស្ស៉ីបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចយន្តហោះដ្រូន១ក្រុមរបស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារមកលើទីក្រុងមូស្គូ រយៈពេល២យប់ជាប់គ្នា ជាហេតុបណ្តាលឱ្យមានការបិទព្រលានយន្តហោះទាំងអស់នៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៉ី អស់រយៈពេលប៉ុន្មានម៉ោង។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនយ៉ាងហោច១៩គ្រឿង ត្រូវបានបាញ់កម្ទេចចោល ពេលហោះឆ្ពោះមកកាន់មូស្គូ ពីទិសដៅផ្សេងៗគ្នា ហើយហេតុការណ៍នេះមិនបានបណ្តាលឱ្យមានការខូចខាតខ្លាំងឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ចំណែកកាលពីថ្ងៃចន្ទកន្លងទៅ លោក Sobynin បានប្រាប់ថា កងការពារដែនអាកាសរុស្ស៉ី ក៏បានបាញ់កម្ទេចដ្រូន៤គ្រឿងរបស់អ៊ុយក្រែន ដែលហោះមករកមូស្គូផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ២យប់ជាប់គ្នាខាងលើ គឺកើតមានឡើងមុនពេលដែលទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ នឹងត្រូវប្រារព្ធកម្មវិធីដើម្បីអបអរគម្រប់ខួបទី៨០នៃជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ដើម្បីយកពេលប្រារព្ធទិវានោះ។
ទោះជាយ៉ាងណាក្តី ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចាត់ទុកការប្រកាសបទឈប់បាញ់រយៈពេលខ្លីរបស់លោក ពូទីន ជាទង្វើគ្មានន័យ ហើយបានស្នើឱ្យមានបទឈប់បាញ់រយៈពេលវែងយ៉ាងហោចណាស់៣០ថ្ងៃ ស្របតាមសំណើដែលសហរដ្ឋអាមេរិក បានផ្តួចផ្តើមតាំងតែពីខែមីនា៕ ដោយធីរីណា
រូបថត: Vietnamnet