រឿង រលកជីវិត(តចប់)

ចែករំលែក៖

* អង្គការឲ្យយើងចាកចេញពីភូមិអូរអង្គរ ÷
មិនយូរប៉ុន្មាន ស្រាប់តែឮដំណឹងថា ថ្នាក់លើឲ្យពួកយើងចាកចេញពីភូមិអូរអង្គរ តែមិនដឹងទៅលើឬទៅក្រោមទេ។ យើងភ័យខ្លាចគ្រប់គ្នា ព្រោះយើងមិនដឹងថាអង្គការកំពុងចាប់កំហុសយើងឬយ៉ាងណានោះទេ បានមកប្រាប់យើងថា ស្អែកនេះអង្គការឲ្យយើងចុះទៅភូមិក្រយាវិញ។ ឮដូច្នោះគ្រប់គ្នាហាក់បីដូចជាត្រេកអរវិញហើយប្រញាប់រៀបចំអីវ៉ាន់រង់ចាំពេលព្រឹកមកដល់។ ពេលល្ងាចនោះកូនប្រុសរបស់ខ្ញុំញញឹមរីករាយចុះដើរលេងលើស្មៅនៅមុខរោងស្នាក់ ព្រោះតាំងពីមករស់នៅភូមិអូរអង្គរមក កូនប្រុសរបស់ខ្ញុំមិនចុះដើរលើដីសោះ។ លុះព្រឹកឡើងយើងពុំបានចេញដំណើរភ្លាមៗនោះទេ។ យើងចេញដំណើរពីភូមិថ្ងៃជិតត្រង់ដែរហើយ។ប្រជាជនម្នាក់ៗ មានទឹកមុខរីករាយណាស់។ លុះមកដល់ភូមិក្រយា ខ្ញុំសំណាងដែរបានមករស់នៅជាមួយក្រុមគ្រួសាររបស់យាយតាមួយដែលមានចិត្តល្អ។ពេលនោះខ្ញុំមានផ្ទៃពោះ ៧ខែអង្គការបានឲ្យខ្ញុំនៅកិនស្រូវក្នុងម្នាក់ៗឲ្យបានមួយកញ្ជើ។ ចំណែកឯបុរស និងយុវជនត្រូវអង្គការចាត់ឱ្យទៅធ្វើការងារឆ្ងាយពីភូមិបន្តិច។
ខ្ញុំបង្កើតបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។ ឆ្មបបុរាណនៅក្នុងភូមិបានជួយដល់ខ្ញុំ។ ខ្ញុំ និងប្ដីសប្បាយត្រេកអរណាស់បានឃើញកូនកើតមកដោយសុវត្ថិភាពថែមទាំងមានគ្រប់កាយសម្បទាអ៊ីចឹង។ ខ្ញុំកូនខ្ចីទើបតែបានជាងមួយខែ ខ្ញុំទទួលដំណឹងពីមេភូមិថា អង្គការត្រូវជម្លៀសពួកយើងចេញពីភូមិទៀតហើយ តែមិនដឹងទៅខាងណានោះទេ។ ក្រោយមកទើបយើងដឹងថា អង្គការឱ្យយើងទៅចាប់ដីកាប់ព្រៃសង់លំនៅឋានឯកជននៅប្រហែល ៨ គីឡូម៉ែត្រពីភូមិក្រយា ប៉ុន្តែត្រូវរស់នៅក្រោមការគ្រប់គ្រងមេភូមិដដែល។ ទៅដល់ភូមិថ្មីឈ្មោះថា ភូមិធ្លក ពួកយើងបានរៀបចំសង់ផ្ទះតូចៗហើយនាំគ្នាកាប់ឆ្កាព្រៃដាំដំណាំនិងជីកអណ្ដូងយកទឹកប្រើប្រាស់។យើងរស់នៅក្នុងភូមិធ្លកបានប្រហែលពីរខែក៏ទទួលបានដំណឹងថា លែងឲ្យមានការចាយលុយទៀតហើយ។ ថ្ងៃនោះគឺជាថ្ងៃ ១៧ មេសា ដែលខ្មែរក្រហមវាយបែកភ្នំពេញ។
* ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៧៥ មក÷
ខែ ធ្នូ ឆ្នាំ ១៩៧៥ យើងបានដំណឹងពីរដ្ឋអំណាចមកថា ពួកយើងរស់នៅឯកជនសួនតួពេក ដូច្នោះអង្គការត្រូវបញ្ចេញឲ្យទៅកាប់ព្រៃរស់នៅទួលការវិញ ព្រោះទីកន្លែងនោះដីមានជីវជាតិល្អ។ យើងស្ដាយណាស់ ព្រោះយើងទើបតែនាំគ្នាសាងសង់ខ្ទម និងដាំដំណាំបានយ៉ាងច្រើននៅក្នុងភូមិនេះ ហើយត្រូវអង្គការជម្លៀសឱ្យទៅនៅកន្លែងផ្សេងទៀតដែលគ្មានអ្វីសោះ។ យើងត្រូវទៅរស់នៅភូមិបុស្សធំ ដោយត្រូវរស់នៅជាមួយអ្នកភូមិចាស់ហើយហូបរួមទៀត។ នៅភូមិបុស្សធំ យើងត្រូវទៅធ្វើការងារជាមួយអ្នកភូមិរាល់ថ្ងៃ ប៉ុន្តែក្រោយមកអង្គការបានចាត់តាំងឲ្យបុរសៗទៅស្រែនៅឆ្ងាយៗអស់ទៀត។
អង្គការបានឲ្យខ្ញុំទៅកាប់ដីលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំយកកូនស្រីទាំងពីររបស់ខ្ញុំទៅជាមួយដោយឲ្យកូនៗអង្គុយលេងក្រោមម្លប់ឈើ។ចំណែកខ្ញុំធ្វើការបណ្ដើរ ភ្នែករំពៃមើលកូនបណ្ដើរ។ នៅពេលដែលខ្មែរក្រហមទទួលបានអំណាចពេញលេញ ខ្មែរក្រហមចាប់ផ្ដើមលើកតម្កើងអ្នកទីទាល់ក្រនិងអ្នកមិនចេះអក្សរឲ្យធ្វើជាមេភូមិឬអ្នកដឹកនាំ។
រហូតដល់ខែមេសាឆ្នាំ ១៩៧៨ ខ្ញុំបង្កើតបានកូនប្រុសម្នាក់ទៀត។ប៉ុន្តែអកុសលកូនស្រីរបស់ខ្ញុំស្លាប់ដោយបង្ខំ ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។ ពេលនោះខ្ញុំនៅសរសៃខ្ចីនៅឡើយ។ព្រោះខ្ញុំទើបតែសម្រាលកូនបានជាងពីរខែ។ខ្ញុំនឹងប្ដីកើតទុក្ខស្ទើរតែឆ្កួតវង្វេង។មិនអាចធ្វើអ្វីបានឡើយក្រៅពីសោកស្ដាយកូន។
ក្រោយមក អង្គការបានចាត់ឱ្យប្ដីរបស់ខ្ញុំទៅដាំបន្លែនៅភូមិមាត់ស្ទឹងអូរចេក។ ចំណែកខ្ញុំអង្គការឲ្យទៅជួយធ្វើការនៅរោងបាយ។ យប់ថ្ងៃមួយអង្គការបានហៅពួកយើងគ្រប់គ្នាឲ្យទៅប្រជុំ ដែលមានប្រធានសង្កាត់ម្នាក់ និងបុរសម្នាក់បានលើកនិយាយបែងចែកតាមគ្រួសារដោយមានដាក់ឈ្មោះជាបញ្ជីគ្រួសារត្រៀម និងគ្រួសារពេញសិទ្ធិ។ សម្តីរបស់សមមិត្តនារីបានសង្កត់ធ្ងន់ៗថា អង្គការត្រូវតែរែងស្ទៃៗយកតែដើមដើម រែងហើយរែងទៀត។ កម្មសិទ្ធិសួនតួម្នាក់ៗគឺមានតែចានមួយ ស្លាបព្រាមួយប៉ុណ្ណោះ។ អ្វីៗជារបស់អង្គការទាំងអស់ ព្រោះអង្គការជាអ្នកចិញ្ចឹមយើង គឺយើងរស់ដោយសារអង្គការ។
បីខែក្រោយមក គឺនៅថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩ ពេលនោះស្រុកយើងមានសង្គ្រាមម្ដងទៀត។ប្រជាជនភ័យផង អរផង ព្រោះស្នូរផ្ទះអាវុធរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមកដល់ស្រុកស្ទោង។ ពេលនោះខ្ញុំឃើញពួកសមមិត្តដែលជាកូនចៅរបស់អង្គការបានរត់ចែកជើងគ្នា។អ្នកខ្លះទៅពួនរស់នៅក្នុងព្រៃ និងអ្នកខ្លះត្រឡប់ទៅផ្ទះវិញតាមរកម្ដាយឪពុករបស់ខ្លួន។
* កំណាព្យថ្ងៃទី 7 ខែមករាឆ្នាំ ១៩៧៩÷
ប្រាំពីរមករាចិតប្រាំបួន ថ្ងៃខ្មែររួចខ្លួនពីមរណា ឆ្លងផុតទុក្ខភ័យសែនវេទនា យល់ភព្វវាសនាជីវិតថ្មី។
ប្រាំពីរមករាខ្មែរអបអរ ប្រែមុខមាត់ល្អមានសេរី មិននឹកស្មានសោះផុតប្រល័យ ដែលខ្មែរគ្រប់វ័យឈឺចាប់ណាស់។
ប្រាំពីរមករារួចទោសទណ្ឌ បក្សប្រជាជនជួយសង្គ្រោះ ឱ្យយើងររាល់គ្នាបានរួចរស់ ពីទមិឡទូរយសប្រុងប្រហារ។
គុកឥតជញ្ជាំងទុកគ្មានល្ហែ បីឆ្នាំ ប្រាំបីខែខ្មែរយើងផ្សា ពុំមានលិចមុខវីរៈណា មកជួយខេមរាឱ្យធូរស្រាល។
យើងខ្ញុំដែលបានរួចជីវិត ចាំជាប់ក្នុងចិត្តហើយរាងចាល ស្អប់ណាស់ខ្លាចណាស់អតីតកាល ល្វីងហឹររោលរាលព្រៃជូរចត់។
គ្មានរោគអ្វីស្មើរោគស្រេកឃ្លាន រោគវាយគំរាមបីដូចសត្វ ប្រើហួសកម្លាំងដួលហេវហត់ រកគ្មានឱសថជួយការពារ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print