រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តថែរក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៃប្រទេសទំាងពីរ ដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ពលរដ្ឋទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ លោក វង្សស័ក្ក ផាន់ថាវង្ស និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៩ ឆ្នាំមកហើយ។
សម្តេចបានមានប្រសាសន៍លើកឡើងបន្តថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមឆ្លុះបញ្ចំាងពីចំណងមិត្តភាពរឹងមាំ ជាប្រពៃណី ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង មនោសញ្ចេតនា រវាងប្រទេសនិងប្រជាពលរដ្ឋទំាងពីរដើម្បីផលប្រយោជន៍ប្រទេសទាំងពីរប៉ុណ្ណោះទេ។ ប៉ុន្តែជាដំណើរទស្សនកិច្ចពង្រឹងសាមគ្គីភាព លើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោកផងដែរ នៅក្នុបរិបទដែលសកលលោកកំពុងប្រឈមបញ្ហារួម ត្រូវរួមគ្នាដោះស្រាយដើម្បី ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋនោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជានិងឡាវ បានភ្ជាប់ទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងនៅគ្រប់កម្រិត។ កាលពីដើម ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ក្នុងខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីស្មារតីបងប្អូនល្អ រួបរួមគ្នាពេលគ្រាមានទុក្ខធុរៈផ្សេងៗ។
រដ្ឋសភាកម្ពុជាពិតជាពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលត្រូវបានបន្តថែរក្សា លូតលាស់ និងរីកចម្រើនជាបន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនត្រឹមតែជាមោទនភាពសម្រាប់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពនៃក្តីប្រាថ្នាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃផ្សេងទៀតផងដែរ។

នាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាឱកាសនេះ។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះ អនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយគណៈកម្មការទី៤រដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ ព្រមទំាងត្រូវទស្សនកិច្ចស្វែងយល់នៅខេត្តព្រះសីហនុផងដែរ។
នៅក្នុងឱកាសនេះ លោកប្រធានគណៈប្រតិភូបានជម្រាបជូន អំពីស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសឡាវជូនសម្តេចប្រធានរដ្ឋសភាផងដែរ។ លោកបានលើកឡើងថា រដ្ឋសភាឡាវបានធ្វើវិសោធនកម្មច្បាប់មួយចំនួន ក្នុងការកែសម្រួលការគ្រប់គ្រងថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការ។ ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំ៥នាក់ ដល់មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជាក្នុងកម្រិតក្រោយឧត្តមសិក្សា។ អាហារូបករណ៍នេះ មានសារៈសំខាន់បំផុតនៅក្នុងការកសាងសមត្ថភាពមន្រ្តីរដ្ឋការរដ្ឋសភាឡាវ។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ នៅក្នុងនោះការដាក់ឱ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿនប្រកបដោយសក្តានុពលដល់ការីកចម្រើនខាងសេដ្ឋកិច្ចដែលបានធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។សម្តេចបានលើកឡើងថា នៅក្នុងបរិបទសកលលោកមានភាពស្មុគស្មាញ មានការប្រឈមទំាងសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ការធ្វើកំណែទម្រង់ជាការចំបាច់ដើម្បីពង្រឹងប្រសិទ្ធភាព ការងារ។ នៅកម្ពុជា ក៏បានធ្វើកំណែទម្រង់ផងដែរ ។ រដ្ឋសភាកម្ពុជា បានកំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋ។
រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តពង្រឹងពូនជ្រំ ថែរក្សាមិត្ដភាពអ្នកជិតខាងល្អ សាមគ្គីភាពជាប្រពៃណី រវាងប្រទេសនិងប្រជាជនប្រទេសទាំងពីរ តាមរយៈការសន្ទនាដោយបើកចំហ ការប្រាស្រ័យទាក់ទងគ្នាដោយត្រង់ទៅត្រង់មក ការលើកកម្ពស់យន្តការពហុភាគីនិយម សំដៅរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រត្ដិការទ្វេភាគី ជម្នះនូវភាពស្មុគស្មាញនាពេលបច្ចុប្បន្ន ក្នុងគោលដៅរក្សា និងធានាបាននូវសុខសន្ដិភាព ស្ថិរភាពនិងវិបុលភាព សម្រាប់សង្គមជាតិ ក៏ដូចជារួមចំណែកដល់តំបន់ និងសកលលោកថែមទៀតផង។
សម្តេចប្រធានរដ្ឋសភានិងលោកប្រធានគណៈប្រតិភូ បានលើកឡើងដូចគ្នាថា នឹងខិតខំជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរឱ្យមានសន្ទុះកើនឡើងបន្ថែមទៀត។ រដ្ឋសភាកម្ពុជានិងឡាវគំាទ្រចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើវិស័យការពារជាតិ និងសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងជួញដូរមនុស្ស ការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សន្តិភាពបន្ថែមទៀត និងបង្កលក្ខណៈឱ្យកាន់តែប្រសើរលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានគំាទ្រនិងជំរុញពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទំាងពីរឱ្យបានឆាប់បញ្ចប់សព្វគ្រប់ មានភាពច្បាស់លាស់ ត្រឹមត្រូវ ជាបន្ទាត់ព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ សម្រាប់ទុកជូនកូនចៅជំនាន់ក្រោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print