ភ្នំពេញ៖ ទិវាចងចាំត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យ
ពូជសាសន៍ប៉ុល ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។ សំរាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ ដោយត្រូវរៀបចំ ជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ត្រៀមរៀបចំទិវាជាតិ នៃការចងចាំ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ របបប្រល័យពូជសាសន៍ប៉ុល ពតបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចំរើន ជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។យើងតែងប្រារព្ធទិវាចងចាំនេះជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៏ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
លោក ឃួង ស្រេង បានបន្តថា៖ ទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូពីការ ផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ ជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ ទទួល ខុសត្រូវក្នុងការរក្សាសន្តិសុខនិងការរៀបចំប្រជាពលរដ្ឋមន្ត្រីរាជការ ឱ្យចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្ធទិវាចងចាំ២០ឧសភានេះ។ យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។
លោក ឃួង ស្រេង បានបន្តថា៖ សម្រាប់ការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងជាថ្នាក់ជាតិដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនានិង មន្ទីរវប្បធម៌ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ។ មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យ ដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សំអាតទីធ្លីឱ្យបានស្អាត ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដើម្បីសម្អាតបរិស្ថាន បានល្អផង ៕. ដោយ. សំរិត