ខេត្តស្វាយរៀង:លោក សរ សុដានី អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត នាថ្ងៃទី៧ខែឧសភាឆ្នាំ២០៥ បានដឹកនាំក្រុមការងារមន្ទីរធនធានទឹក មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែន (កម្ពុជា-វៀតណាម) នៃស្រុកកំពង់រោទិ៍។
លោក សរ សុដានី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញរបស់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត បានអោយរូបលោក ជាអភិបាលរងខេត្ត ដឹកនាំក្រុមការងារមន្ទីរធនធានទឹក មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែន (កម្ពុជា-វៀតណាម) ក្នុងឃុំចំនួន៣ គឺឃុំថ្មី ឃុំរាជមន្ទីរ ឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង គម្រោងនេះមានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦.២០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣.៧២៧ គ្រួសារ។
លោក អភិបាលរងខេត្តបានបញ្ជក់ថា មកដល់បច្ចុប្បន្នការងារអនុវត្តគម្រោងស្តារប្រពន្ទ័ធារាសាស្ត្រទាំងនេះមានវឌ្ឍនភាពដូចខាងក្រោម÷
-ស្តារអូរដំរីឆ្លងប្រវែង ៨.២៨៧ ម៉ែត្រ អនុវត្ត បាន ៧០%។
-ស្តារព្រែកថ្មីប្រវែង ១១.៧០០ ម៉ែត្រ អនុវត្តបាន ៨០%។
-ស្តារប្រឡាយមេជប់ព្រីងប្រវែង ៤.៨៧៦ ម៉ែត្រ អនុវត្តបាន ៨០%។
-ក្នុងនោះក៏មានការសាងសង់សំណង់សិល្បការគ្រប់ប្រភេទចំនួន ១៦២ កន្លែង ផងដែរ។ ទន្ទឹមនោះ ក្រុមការងារដែលពាក់ពន្ធ័ទាំងថ្នាក់មន្ទីរ ស្រុក ឃុំ ភូមិ និងសហគមន៍ បានចុះជាប់ជាប្រចាំក្នុងការជួយសម្របសម្រួលរវាងអ្នកអនុវត្តគម្រោង និងបងប្អូនប្រជាកសិករដែលកំពុងអាស្រ័យផលនៅជាប់គម្រោង ដើម្បីធ្វើយ៉ាងណាអោយដំណើរគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រដ៏សំខាន់នេះបានបញ្ចប់ទាន់ពេលវេលាកំណត់នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធានាបានសមត្ថភាពពេញលេញក្នុងការស្រោចស្រព និងជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកលិផល របស់បងប្អូនផងដែរ។