ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla Inc បានបន្តធ្លាក់ចុះនៅទូទាំងទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់អឺរ៉ុបក្នុងខែមេសា បើទោះបីជាក្រុមហ៊ុនបានចេញផ្សាយម៉ូដែលថ្មីនៃរថយន្តដែលពេញនិយមបំផុតរបស់ខ្លួនក៏ដោយ។
សមាគមក្រុមហ៊ុនផលិតរ និងពាណិជ្ជកររថយន្ត បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តTesla បានចុះបញ្ជីរថយន្តថ្មីត្រឹមតែ 512 គ្រឿងកាលពីខែមុននៅក្នុងចក្រភពអង់គ្លេស ពោលគឺធ្លាក់ចុះ 62% ធៀបនឹងឆ្នាំមុន។ ការធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla គឺកាន់តែច្បាស់នៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ និងស៊ុយអែត ដោយការលក់បានធ្លាក់ចុះយ៉ាងហោចណាស់ពីរភាគបីនៅក្នុងប្រទេសនីមួយៗ។
ការលក់ Tesla ត្រូវបានគេមើលឃើញថាដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារចំនួន 8 ក្នុងចំណោមទីផ្សាររថយន្តអគ្គិសនី ដ៏ធំបំផុតទាំង 10 របស់អឺរ៉ុប ទោះបីជាពួកគេបានចាប់ផ្តើមដឹកជញ្ជូនរថយន្តស្ព័រម៉ូដែល Y ដែលបានរចនាឡើងវិញទៅអតិថិជនក៏ដោយ។ ការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនៅរោងចក្រដំឡើងនៅជុំវិញពិភពលោក រួមទាំងនៅប្រទេសអាឡឺម៉ង់ ធ្វើឱ្យក្រុមហ៊ុនខាតបង់ទិន្នផលជាច្រើនសប្តាហ៍នៅដើមឆ្នាំនេះ ហើយបានរួមចំណែកដល់ការលក់ប្រចាំត្រីមាសដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ 2022។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ 1.9% មុនពេលចាប់ផ្តើមការជួញដូរធម្មតា។ ភាគហ៊ុនបានធ្លាក់ចុះ 42% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួនដែលបានឈានដល់ពាក់កណ្តាលខែធ្នូ។