អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងនាមជាប្រធានក្រុមភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន លោកHe Lifeng នឹងជួបពិភាក្សាការងារជាមួយលោក Scott Bessent ប្រធានក្រុមភាគីអាមេរិកនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសស្វ៊ីស។លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងពេលឆ្លើយសំណួររបស់អ្នក សារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៧ខែឧសភាថា ថ្មីៗនេះ ភាគីអាមេរិកបានបង្ហាញពីក្តីសង្ឃឹមម្តងហើយម្តងទៀតថាអាចធ្វើការចរចាជាមួយប្រទេសចិន ដូច្នេះការ ចរចាលើកនេះ គឺធ្វើ តាម សំណើ របស់ ភាគី អាមេរិក។ ចិន ប្រឆាំង ដាច់ខាត ចំពោះការដាក់ ពន្ធគយខុសទំនង របស់ អាមេរិក ហើយ គោលជំហរ នេះ មិនមានការ ផ្លាស់ប្តូរ ទេ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានបន្តថា ប្រទេសចិនបានបញ្ជាក់ជាច្រើនដងហើយថា ប្រទេសចិនបើកចំហសម្រាប់ការសន្ទនា ប៉ុន្តែរាល់ការសន្ទនាណាមួយសុទ្ធតែផ្អែកលើសមភាព ការគោរពគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ចិនមានកម្លាំងធន់ខ្លាំង និងមានវិធានការគ្រប់គ្រាន់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ហើយក៏មានឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាប្រឆាំងនឹងឯកតោភាគីនិយម គាំពារនិយម និងអំពើគាបសង្កត់ផ្នែកសេដ្ឋកិច្ច ក្នុងន័យការពារសច្ចយុត្តិធម៌អន្តរជាតិ៕
ដោយ ៖ សិលា