រឿង ផែនដីពណ៌ខ្មៅ

ចែករំលែក៖

ថ្ងៃរៀបការចៅរបស់ខ្ញុំខិតជិតចូលមកដល់ ខ្ញុំហាក់មានអារម្មណ៍រំភើបក្រៃលែង។ ចៅរបស់ខ្ញុំបានរៀនចប់ជំនាញគ្រូពេទ្យ រីឯគូដណ្ដឹងរបស់ចៅខ្ញុំវិញធ្វើជាគ្រូពេទ្យដូចគ្នានឹងចៅរបស់ខ្ញុំដែរ។ ខ្ញុំឃើញកូនចៅរបស់ខ្ញុំមានជីវភាពគួរសមដូចបច្ចុប្បន្ននេះ បានធ្វើឲ្យខ្ញុំនឹកសង្វេគដល់ជីវិតរបស់ខ្ញុំនៅក្នុងរណ្ដៅទុក្ខកាលពីជាង ៤០ឆ្នាំមុន។ ខ្ញុំនៅតែចងចាំគ្រប់ហេតុការណ៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ វាហាក់បីដូចជាទើបនឹងកើតឡើងថ្មីៗសម្រាប់ខ្ញុំ។
នារាត្រីមួយនៅក្នុងរបបខ្មែរក្រហមឆ្កែព្រូសផង ស្រែកលូផងគួរឲ្យព្រឺឆ្អឹងខ្នងណាស់។ ម៉ោងមិនទាន់ ៨ យប់ផង ខ្ញុំចាប់ងងុយដេក និងអស់កម្លាំងយ៉ាងខ្លាំង ព្រោះតែភាពនឿយហត់ពីការងាររបស់ខ្ញុំដែលបានធ្វើនៅពេលថ្ងៃ។ ខ្ញុំបានប្រះខ្លួនដេកទៅ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានហេតុការណ៍អាក្រក់បានកើតឡើង។ ក្មួយរបស់ខ្ញុំឈ្មោះលីម រាគរូសយ៉ាងខ្លាំង។ សំឡេងថ្ងូររបស់ក្មួយខ្ញុំ ធ្វើឲ្យខ្ញុំស្វាងពីងងុយដេកវិញ។ ខ្ញុំងើបហើយទៅអង្គុយក្បែរជើងក្មួយរបស់ខ្ញុំដែលកំពុងតែប្រះននៀលនៅលើគ្រែក្រាលកន្ទេលស្លឹកត្នោតមួយនៅខាងក្រោមផ្ទះ។ ម្ដាយរបស់ខ្ញុំបានស្ទាបអង្អែលចៅដោយការព្រួយបារម្ភយ៉ាងខ្លាំង។ឪពុកម្ដាយរបស់ក្មួយខ្ញុំមិននៅទេ។ពួកគាត់ត្រូវអង្គការចាត់ឱ្យទៅធ្វើការងារនៅតំបន់ផ្សេង។ មួយសន្ទុះក្រោយមកម្ដាយរបស់ក្មួយខ្ញុំបានឲ្យខ្ញុំទៅយាមក្មួយហើយគាត់ប្រាប់ខ្ញុំថា គាត់ទៅរកបបរក្រែងបានបន្តិចឲ្យចៅហូប។ បន្ទាប់ពីម្ដាយរបស់ខ្ញុំនិយាយរួចគាត់ក៏ងើបឡើងដើរសំដៅទៅខាងលិចត្រពាំងធំ។ នៅទីនោះគឺជារោងបាយ ខ្ញុំអាចមើលឃើញម្ដាយរបស់ខ្ញុំដើរទៅរហូតដល់រោងបាយតាមពន្លឺព្រះចន្ទ។ ខ្ញុំគិតថាម្ដាយរបស់ខ្ញុំមិនពិបាករកបបរនោះទេ ព្រោះនៅយប់នោះជាពេលដែលឪពុករបស់ខ្ញុំនៅយាមរោងបបរ។ ប៉ុន្តែអ្វីៗខុសពីការគិត។ ម្ដាយរបស់ខ្ញុំត្រឡប់មកវិញដោយដៃទៅទេ។ គាត់ដាក់ខ្លួនអង្គុយក្បែរចៅ ហើយនិយាយទាំងអួលដើមកថា ទ្រាំទៅចៅអើយ!យាយរកបបរមិនបានទេ គេមិនឱ្យយើងឡើយ។ ឃើញដូច្នោះខ្ញុំបានសួរទៅកាន់ម្ដាយខ្ញុំថា ម៉ែបានជួបឪដែរឬទេ? ម្ដាយរបស់ខ្ញុំឆ្លើយតបមកវិញថា បានជួបប៉ុន្តែគាត់មិនហ៊ាននិយាយនឹងចុងភៅទេ។ ខ្ញុំឃើញម្ដាយរបស់ខ្ញុំយំ ហើយខ្ញុំសួរទៅគាត់បន្តទៀតថា ម៉េចក៏ម៉ែយំអ៊ីចឹង? ម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំវិញថា កូនអើយយាយផុនបានបបរឲ្យម៉ែចំនួនមួយកំប៉ុងអង្ករ។ បបរឆ្អិនដួសដាក់ចានហើយ ស្រាប់តែលោកប្អូន ផន ដែលជាប្រធានរោងបាយមកដល់ល្មម។ គាត់បានកញ្ឆក់យកបបរពីដៃម៉ែហើយសួរនាំគំរាមម៉ែថា ស្អីហ្នឹងយកទៅណា? ម៉ែប្រាប់ ផនទាំងញញីញញ័រពីរឿងសុំបបរនេះហើយផនស្រាប់តែទាញបបរពីដៃរបស់ម៉ែចាក់ចោល ថែមទាំងគម្រាមទៀតថា កុំឲ្យមានលើកទីពីរទៀត លើកនេះ ផន យល់ដល់ឪពុករបស់កូនដែលបានខំយាមរោងបាយបានយ៉ាងល្អ មិនដែលបាត់របស់របរ។ ម្ដាយខ្ញុំនិយាយដល់ត្រឹមនេះក៏ឈប់និយាយជាមួយខ្ញុំ រួចបែរមុខទៅមើលចៅវិញ។ ម្ដាយរបស់ខ្ញុំបានលួងលោមចៅថាសំងំដេកសិនទៅចៅយាយចាំយាយរកអីមកឱ្យហូប។ និយាយចប់ម្ដាយរបស់ខ្ញុំបានដើរចេញទៅក្រោយផ្ទះ។ មួយរបស់ស្រាប់តែឃើញគាត់ដើរចូលមកមានកាន់មាន់មួយដែលបោចរួចហើយស្រេច។ គាត់បានបង្កាត់ភ្លើងដាក់ស្ងោរមាន់នោះនៅក្នុងកំសៀវទឹកទាំងប្រថុយប្រថាន។ មិនទាន់ឆ្អិនផងបង ព្រឹក ដែលជាឈ្លបបានដើរមកយកការណ៍ដល់ផ្ទះរបស់ខ្ញុំល្មម។ បង ព្រឹក ពូកែខាងរាយការណ៍ណាស់។ បងព្រឹកបានស្រែកសួរម្ដាយរបស់ខ្ញុំថា ធ្វើស្អីហ្នឹងសមមិត្តសេង? ឮដូច្នោះម្ដាយរបស់ខ្ញុំបានឆ្លើយតបទាំងតក់ស្លុតទៅវិញថា ចៅរបស់ខ្ញុំអាឈីម វារាកពេញតែផ្ទះជះក្លិនស្អុយពេញហ្នឹងទៅហើយ។ ពេលឮថាស្អុយលាមក បងព្រឹក គ្រាន់តែអើតតាមមាត់ទ្វារ រួចសួរទៀតថា ចុះចង្ក្រាននោះដុតអ្វី?ម្ដាយរបស់ខ្ញុំកុហកបងព្រឹកថា នែៗ ដាំទឹកឱ្យវាផឹកក្រែងលោឆាប់បានធូរស្បើយ។ បន្ទាប់មកបងព្រឹក បានក្រឡេកមើលជុំវិញបរិវេណផ្ទះដែលមានបំភ្លឺដោយពន្លឺភ្លើងចង្កៀងប្រេងកាតរួចក៏និយាយទាំងគំរោះគំរើយថា អើអ៊ីចឹងអញទៅហើយ កុំនាំគ្នាធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះវើយ ។
ខ្ញុំ និងម៉ែ បានធូរទ្រូងហើយនៅពេលយប់ស្ងាត់បន្តិចក៏ពន្លត់ចង្កៀង រួចលើកយកមាន់ស្ងោរក្នុងកំសៀវនោះមកឲ្យក្មួយរបស់ខ្ញុំហូប។ ខ្ញុំ និងម៉ែក៏បានហូបបន្តិចម្នាក់ដែរ។ មាន់ស្ងោរនោះពិតជាឆ្ងាញ់អស្ចារ្យណាស់។ ទឹកមាន់ស្ងោរមួយដំណក់ក៏យើងហូបមិនឱ្យសេសសល់ដែរ។ យើងមិនដែលបានហូបបែបនេះជាយូរណាស់មកហើយ។
មាន់រងាវទៀបភ្លឺ មេកងឡើងប្រកាសហៅគ្នាទៅភ្ជួរស្រែ។ ថ្ងៃនេះក្រុមរបស់ខ្ញុំមានប្រាំបីនង្គ័លនិងរនាស់ពីរ ហើយមេក្រុមបានដាក់កម្រិតថា មួយព្រឹកត្រូវភ្ជួរស្រែឲ្យរួចមួយហិកតា។ ខ្ញុំដឹកគោ លីនង្គ័លទៅភ្ជួរចាប់ពីភូមិប្រហូតទៅដល់ភូមិត្បែងដែលមានចម្ងាយប្រហែល ៦ គីឡូម៉ែត្ររាល់ព្រឹក។ពេលថ្ងៃរះចំលើក្បាល ក្រុមរបស់ខ្ញុំបានភ្ជួរដីអស់មួយហិកតារួចហើយយើងនាំគ្នាដាក់គោឱ្យស៊ីស្មៅរួចយើងដើរសំដៅទៅរោងបាយ។ អំណាចនៃសេចក្តីស្រេកឃ្លានពិតជាធំធេងណាស់។ យើងមិនទាន់បានហូបផង ប៉ុន្តែម្នាក់ៗមានទឹកមុខស្រស់ឡើងវិញនៅពេលទៅដល់រោងបាយ។ ខ្ញុំបានចំណែករបស់ខ្ញុំតែមួយវែកទេ ហើយបាយនោះទៀតរាវដូចជាបបរអ៊ីចឹង។ ខ្ញុំហូបតែបីទៅបួនម៉ាត់ក៏អស់ទៅហើយ។ ខ្ញុំ និងក្រុមជួយរស់ទាំងអស់ទទួលទានបាយថ្ងៃត្រង់មិនបានសម្រាកផងក៏បំបែកគ្នាដឹកគោ។លីនង្គរលេងៗខ្លួនវិញ។ ពួកយើងធ្វើការនៅទីនោះអស់រយៈពេលប្រហែលមួយខែពិបាកវេទនាណាស់

ទម្រាំតែអង្គការបញ្ជូនយើងត្រឡប់មកភូមិវិញ។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print