ខេត្តរតនគិរី÷ ខេត្តរតនគិរីឋិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសំបូរជនជាតិដើមភាគតិចរស់នៅដោយប្រកាន់ប្រពៃណីតាំងពីដើមរៀងមក ទោះបីបច្ចុប្បន្នការ វិវត្តន៍របស់សង្គមកាន់តែរីកចម្រើនក្ដី។ ប្រពៃណីមួយដែលជនជាតិដើមភាគតិចគ្រឹងនៅទីនេះតែងតែរៀបចំនៅពេលមានសមាជិកក្រុមគ្រួសារក្នុងភូមិឈឺថ្កាត់គឺការសែនក្របីដែលគេយកគោឬក្របីមកសម្លាប់យកឈាមច្រូចលើដី និងស្ងោឱ្យឆ្អិនសែនដល់អ្នកតាក្នុងភូមិ។
លោកយាយពង់ហូជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានធ្លាក់ ខ្លួនឈឺ អស់កម្លាំង ឈឺចង្កេះងើបអង្គុយពុំបាន និយាយមិនកើត ហូបបាយពុំបាន ត្រូវបានកូនចៅរៀបចំពិធីកាប់ក្របីសែននេះសួងបួងសុំឲ្យម្ចាស់ភូមិទឹកដីឈ្មោះតារុនទាន់និងតារុនចាន់ជួយឲ្យបានរួចរស់ជីវិត ឡើង។ តាមជំនឿបើកាលណានរណាម្នាក់ធ្លាក់ខ្លួនឈឺ មិនថាចាស់ឬក្មេង ពួកគេតែងតែទៅរកគ្រូក្នុងភូមិនិងក្រៅភូមិ ទស្សទាយ បើថាត្រូវខ្មោចធ្វើហើយ សុំសំណែនទៅឲ្យខ្មោចនោះតាមការពេញចិត្ត។
នៅមុខផ្ទះដែលមានរៀបចំឈើបីកម្ពស់កន្លះម៉ែត្រដាំរាងសាជីបញ្ច្រាស និងមានដើមឬស្សីវែង១ទៅ២ ដើម មាន ក្រងជាបន្ទះប៉ិនទំហំបាតដៃ មានរូបរាងបែបផែនជាសិល្បៈទៅតាមការនិយម តាមភូមិនីមួយៗ កន្លែងនេះហើយជាកន្លែងដែលគេចងគោឬក្របីដើម្បីធ្វើពិធីសែនទៅឲ្យអ្នកតាម្ចាស់ភូមិ។
កម្មវិធីបុណ្យសែនក្របីតាមបែបប្រពៃណីនេះប្រព្រឹត្ត ទៅរយៈ ២ ថ្ងៃ ។ នៅថ្ងៃដំបូងជាថ្ងៃទី១ នៅពេលព្រឹក អ្នកភូមិប្រមូលគ្នាទៅរកចាប់ក្របីដែលចិញ្ចឹមទុកចោលទៅក្នុងព្រៃ លុះចាប់បានហើយ ចាប់ចងដឹកមកផ្ទះដែលដូនចាស់ កំពុងឈឺ រៀបចំកាប់ដោះបង្គោល និងគួចវល្លិ៍សម្រាប់ចងក្បាលក្របីនៅមុខផ្ទះ។ ក្រុមគ្រួសារទៅជួលគង ដើម្បីមកវាយជុំវិញ ក្របីដែលចងទុកជាចង្វាក់ ភ្លេង សម្រាប់តែពិធីសែនមុននឹងសម្លាប់។
ដោយឡែកម្ចាស់ផ្ទះវិញបានទៅយកស្រាពាងសត្វមាន់ ដែលបានបិទរួចតាំងពីខែមុន មករៀបចំដាក់នៅសសរកណ្តាលផ្ទះ ជិតគ្រែអ្នកដេកឈឺ ហើយកូនចៅទៅដង ទឹកពីពាង មកដើម្បីទុកជិតស្រាពាង ដែលមានដោតទុយោប៊ឺតស្រា។ បន្ទាប់មកទៀត ចាស់ទុំនិងចាស់ៗក្នុងភូមិ ចាប់ផ្តើមហៅគ្នាមកដើម្បីរៀបថាស១ មានអង្ករ១ ចាន និងអំបោះឆៅពណ៌ស ដើម្បីបាច់អង្ករបណ្តេញគ្រោះចង្រៃនិងរោគាព្យាធិ កំពុងបៀតបៀន។ ចំណែកចាស់មួយក្រុមទៀត កំពុងរៀបចំពែរ១រួត ដែលធ្វើពីដើមចេក៤ជ្រុង ទុកត្រៀមនៅសាច់ក្របីនិងសាច់មាន់ ដែល ស្ងោរឆ្អិនបេះសាច់មាន់និងសាច់ក្របីសែនជាលើកទី២។
ប្រពៃណីកាប់ក្របីឬគោនេះ មិនមែនជារឿងប្លែកនោះទេ វាជាការនិយមធ្វើតាំងពី សម័យមុន រហូតដល់បច្ចុប្បន្ននេះ តាមទំនៀមទម្លាប់ពីដើមទៅតាមជំនឿរបស់ចាស់ទុំភូមិ អ្នកជិតខាង និងម្ចាស់សាម៉ីនៃអ្នកជម្ងឺ។ ការសែន ព្រេនកាប់គោឬក្របី សម្លាប់សត្វយកឈាមច្រូចនៅដី និងកាប់ស្ងោឲ្យឆ្អិនសែន ដូច្នេះជារឿងមួយ ដែលមិនអាចខានបាននោះទេ។ ទោះជាយ៉ាងណានៅសម័យបច្ចុប្បន្ននេះក្រៅពីរកវិធីព្យាបាលតាមបែបប្រពៃណីគេហើយ ក៏នៅតែរកការជួយព្យាបាលពីគ្រូពេទ្យផងដែរដោយបន្ទាប់ពីសែនរួច កូនចៅឲ្យអ្នកជំងឺលេបថ្នាំពេទ្យនិងព្យួរសេរ៉ូម សម្រាកនៅផ្ទះជាធម្មតា។
តាមទំលាប់របស់ ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ប្រសិនបើបើមានអ្នកឈឺហើយ ត្រូវទៅរកគ្រូបុរាណខ្មែរ ទស្សទាយរករឿងហេតុផង ព្យាបាលផងនិងទៅមន្ទីរ ពេទ្យផង នៅតែធ្ងន់ធ្ងរឈឺខ្លាំង។ គេនឹងធ្វើរោងនៅក្រៅផ្ទះធំសម្រាប់ទុកអ្នកជម្ងឺ ដើម្បីបង្កលក្ខណៈងាយស្រួលមើលថែអ្នកឈឺ បម្រើបាយទឹកនិងបន្ទោបង់នានា។ នៅអំឡុងពេលឈឺនោះ បងប្អូននិងសាច់ញាតិនិងប្រជាជនក្នុងភូមិមកដេកកំដរ វាយគង់រាំកម្សាន្ត៕