យន្តហោះទម្លាក់គ្រាប់បែក B-52 ពីរគ្រឿងបានបង្ហាញខ្លួននៅឯកន្លែងជំនួយកងទ័ពជើងទឹកអាមេរិកនៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយជាង 3,200 គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅឯមូលដ្ឋានទ័ពអាកាស Diego Garcia ខណៈដែលក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ដោះស្រាយជម្លោះនុយក្លេអ៊ែរដោយសន្តិវិធី ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់សកម្មភាពយោធា ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន។
យោងតាមទស្សនាវដ្ដី Air & Space Forces យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានមកដល់ទីតាំងដាច់ស្រយាលនៅលើកោះ Diego Garcia ដើម្បីចូលរួមជាមួយក្រុមយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួនប្រាំមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។
រូបថតដែលថតដោយផ្កាយរណប Sentinel-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុបកាលពីថ្ងៃទី 7 ឧសភា បង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក B-52 ពីរគ្រឿងនៅឯមូលដ្ឋាន Diego Garcia ។ ការវាស់វែងរបស់យន្តហោះដែលបង្ហាញក្នុងរូបភាពផ្កាយរណបដែលបានថតនៅថ្ងៃទី 7 ខែឧសភា ហើយត្រូវបានចេញផ្សាយជាលើកដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអ្នកស្រាវជ្រាវប្រភពបើកចំហរ MT Anderson គឺស្របទៅនឹងទំហំនៃយន្តហោះទម្លាក់គ្រាប់បែក B-52 ។
ទន្ទឹមនឹងនេះ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងយន្តហោះដឹកជញ្ជូន C-17 ត្រូវបានដាក់ពង្រាយដោយសហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានដាច់ស្រយាលមួយក្នុងមហាសមុទ្រឥណ្ឌាក្នុងខែមីនា បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសប្រឆាំងនឹងក្រុមប្រដាប់អាវុធ Houthi ក្នុងប្រទេសយេម៉ែន៕
រូបថត: Vietnamnet