ពេលវេលាចេះតែកន្លងផុតទៅរដូវកាលចេះតែផ្លាស់ប្ដូរឥតឈប់ឈរ ប៉ុន្តែគោលការណ៍របស់អង្គការមិនដែលផ្លាស់ប្ដូរឡើយ។អង្គការនៅតែបង្ខំប្រជាជនឲ្យធ្វើការធ្ងន់ធ្ងរនិងបែកឃ្លាតពីក្រុមគ្រួសារ។ ចូលមកដល់ពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ១៩៧៦ អង្គការបានរៀបចំពិធីប្រកាសឲ្យមានការរៀបការចំនួន ១៥ គូ។ នៅក្នុងនោះខ្ញុំក៏ត្រូវអង្គការចាត់តាំងឲ្យរៀបការដែរ។ការរៀបការនោះបានប្រព្រឹត្តទៅនៅត្រង់វត្តព្រហូត។ ប្ដីប្រពន្ធទាំង ១៥ គូនោះរៀបការមិនដល់មួយព្រឹកផង។ យើងរៀបការគ្មានអាចារ្យ គ្មានកម្មវិធីឡើងតាមបែបប្រពៃណីខ្មែរអ្វីនោះទេ។ ពួកយើងគ្រាន់តែឡើងប្តេជ្ញាថា ស្រឡាញ់គ្នា និងស្មោះស្ម័គ្រចំពោះអង្គការតែប៉ុណ្ណោះ។ មេកងធំបានជូនពរឲ្យពួកយើង និងឲ្យប្តេជ្ញាស្រលាញ់គ្នាជារៀងរហូតទៅ។ ពេលវេលារៀបការនៅក្នុងរបបខ្មែរក្រហម ជាពេលមួយយ៉ាងពិសេសសម្រាប់ខ្ញុំ និងគូផ្សេងទៀតដែរ។ យើងមានអាហារហូបមិនខ្វះឡើយដោយមានទាំងសាច់ជ្រូក មាន់ទាពាសពេញចាន។ ចំណែកឯមេកងធំវិញចម្លែកណាស់។ គាត់សប្បាយចិត្តជាមួយខ្ញុំអស់ពីចិត្តពីថ្លើម។ ព្រឹកថ្ងៃបន្ទាប់នៅកន្លែងបុកស្រូវខ្ញុំឮប្រជាជននៅទីនោះនិយាយថា មេកងធំឈ្មោះ យ៉ែម ដែលរីករាយខ្លាំងនៅថ្ងៃមង្គលការយើងកាលពីម្សិលមិញ បានចងកសម្លាប់ខ្លួននៅលើដើមខ្វិតឯវាលខាងជើងទៅហើយ។ គាត់សម្លាប់ខ្លួននេះ ព្រោះគាត់បានដឹងមុនថាមេកងឈ្មោះ កាយ ត្រូវអង្គការយកទៅសម្លាប់។ ដូច្នេះលើកនេះដល់វេនអង្គការយកគាត់ទៅសម្លាប់ម្ដងហើយ ព្រោះម្សិលមិញថ្នាក់លើបានមកហៅគាត់។
ខ្ញុំឯណេះវិញ ក្រោយពេលរៀបការរួចបានមិនដល់មួយសប្តាហ៍ផង ត្រូវអង្គការចាត់តាំងឲ្យទៅធ្វើជីកសិកម្មនៅ ឃុំថ្មពេជ្រ ស្រុកមេមត់ ខេត្តកំពង់ចាម។ ខ្ញុំត្រូវបែកឃ្លាតពីប្រពន្ធរបស់ខ្ញុំដែលទើបតែនឹងរៀបការថ្មីៗ ឃ្លាតពុកម៉ែ និងបងប្អូនជាទីស្រឡាញ់ពេញបេះដូងទាំងក្តីអាឡោះអាល័យ។ នៅទីនោះខ្ញុំត្រូវជីកថ្មតាំងតែពីព្រឹកព្រលឹមរហូតដល់ព្រលប់។ ខ្ញុំគ្មានអាហារបរិភោគគ្រប់គ្រាន់ឡើយ សូម្បីតែមួយពេល។ ដោយខ្វះអាហារហូបពេក ខ្ញុំក៏មិនខុសពីសមមិត្តអ្នកជីកថ្មឯទៀតដែរគឺម្នាក់ៗស្ថិតក្នុងស្ថានភាពស្គមស្គាំង ស្បែកដណ្ដប់ឆ្អឹង ខំប្រឹងរស់យ៉ាងយ៉ាប់ស្ទើរតែស្លាប់។ មិនយូរប៉ុន្មានខ្ញុំត្រូវអង្គការបញ្ជូនមកស្រុកវិញដោយសារមានព្រឹត្តិការណ៍ធំមួយបានកើតឡើងនៅភូមិភាគបូព៌ា គឺលោក សោ ភឹម ដែលជាប្រធានភូមិភាគបូព៌ាបានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ ឡានមួយគ្រឿងជូនខ្ញុំ និងសមមិត្ត ៤ នាក់ទៀតមកដល់ម្ដុំបឹងខ្ញី។ មកដល់ទីនោះយើងបានចុះពីលើឡានបែកគ្នាតាមទិសដៅរៀងៗខ្លួន ព្រោះគ្មានផ្លូវសម្រាប់ឡានបើកទៅមុខបន្តទៀតទេ។ ខ្ញុំដើររហូតដល់វត្តស្ទាវនៅម៉ោងប្រហែល ៦ ល្ងាច។ ពេលនោះនៅក្នុងវត្តមានរៀបចំសម្ដែងសិល្បៈហើយមានតួល្បីៗនៅថ្នាក់ស្រុកដែលបម្រើឲ្យគោលនយោបាយរបស់អង្គការ។ពិតជាចៃដន្យមែន ក្នុងចំណោមមនុស្សជាច្រើនខ្ញុំបានជួបនាងឈន ដែលជាតួសម្ដែងល្បីនៅជិតផ្ទះរបស់ខ្ញុំ និងប្អូនប្រុសរបស់នាងម្នាក់ទៀតគឺ សំអុល។ ខ្ញុំជួបអ្នកទាំងពីរបានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញបន្តិច។ ពួកយើងបានជជែកគ្នាអស់រយៈពេលប្រហែល ៥ នាទីប៉ុណ្ណោះ។ ឈន បានផ្ញើសំបុត្រតាមខ្ញុំមកផ្ទះ។ ឈន បានប្រាប់ខ្ញុំថា នាងមិនដឹងពេលណាបានជួបមុខម៉ែឪរបស់នាងម្ដងទៀតទេ ព្រោះនាងជាប់ដើរសំដែងសិល្បៈ។ បន្តិចក្រោយមកខ្ញុំនឹងសំអុលដែលមានអាយុទើបតែ១៣ ឆ្នាំបាននាំគ្នាដើរតម្រង់ទៅភូមិចា។ ប្រហែលម៉ោង ៩ យប់មានមនុស្សចិត្តល្អម្នាក់បានមកនិយាយប្រាប់យើងថាក្មួយទាំងពីរកុំដើរទៅតាមផ្លូវត្រង់ទៅត្បូងនេះ ព្រោះបើជួបក្រុមយាមនឹងមានគ្រោះថ្នាក់ដល់ជីវិតប្រាកដណាស់។ ខ្ញុំបានលើកដៃសំពះអរគុណ និងលាអ៊ំស្រីនោះហើយធ្វើដំណើរចេញមក។
ខ្ញុំនឹង សំអុល សម្រេចចិត្តដើរតម្រង់សំដៅទៅទិសខាងលិច។ យប់កាន់តែងងឹតខ្លាំងទៅៗ យើងទាំងពីរនាក់ត្រូវដើរឈ្ងោកមុខមើលផ្លូវ។ លុះយើងដើរដល់ពាក់កណ្ដាលវាល ខ្ញុំវង្វេងទិសមិនដឹងទៅទិសខាងលិច ឬទិសខាងកើតអ្វីសោះ។ ខ្ញុំបានសួរទៅសំអុលថា ឯងដឹងថាមុខទៅណាសំដៅទៅផ្ទះយើងទេ? អញដូចជាភាំងហើយទន់ដៃទន់ជើងអស់ហើយ។ សំអុល យំតិចៗហើយឆ្លើយថាខ្ញុំក៏មិនដឹងដែរបងបឿន អត់ដឹងលិចកើតទេ។ ខ្ញុំឆ្លើយទៅវិញថា នែកុំយកយំជាគ្នាវើយ វាមិនស្លាប់ទេ។ នោះអញឃើញភ្លើងផ្លុងៗហើយ ប្រហែលជាវត្តចំបក់ តោះយើងទៅ។ ពួកយើងទាំងពីរនាក់បានដើរសំដៅទៅរកពន្លឺភ្លើងនោះ។
* កងទ័ពវៀតណាមចូលមក÷
ពេលវេលាចេះតែរំកិលខ្លួនទៅមុខសន្សឹមៗតាមដំណើរព្រះអាទិត្យ។ ជាង៣ឆ្នាំកន្លងទៅហើយដែលខ្ញុំនិងប្រជាជនជាច្រើនបានរស់នៅក្នុងភពដ៏ខ្មៅងងឹតប្រៀបបានទៅគុកដែលឥតជញ្ជាំង។ ចូលដល់ចុងឆ្នាំ ១៩៧៨ នៅភូមិភាគបូពា៌តែងតែឮសំឡេងគ្រាប់កាំភ្លើងលាន់ក្រាំងៗជារឿយៗ។ ប្រជាជនម្នាក់ៗកើតសេចក្តីតក់ស្លុតបាត់បង់ស្មារតីពុំដឹងជីវិតទៅជាយ៉ាងណាទៀតនោះទេ។ថ្ងៃទី ៦ ចែ មករាឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានដើរកេណ្ឌប្រជាជននៅភូមិរបស់ខ្ញុំឱ្យប្រមូលកូនចៅនិងយកប្រដាប់ប្រដាប្រើប្រាស់ចាកចេញពីផ្ទះធ្វើដំណើរទៅទិសខាងលិច ដោយស្រែកប្រកាសថា កងទ័ពវៀតណាមមកទាន់ឥឡូវហើយ។
ថ្ងៃនោះខ្ញុំវិលមុខយ៉ាងខ្លាំងងើបដើរមិនរួចសោះ។ ម្ដាយរបស់ខ្ញុំយំផងភ័យផង។ ខ្ញុំខំប្រឹងងើបឡើងទឹមគោលើកអីវ៉ាន់កំប៉ិកកំប៉ុកដាក់រទេះគ្រប់សព្វអស់ហើយក៏បររទេះទៅតាមប្រជាជនផ្សេងទៀត។ ចំណែកឪពុកម្ដាយរបស់ខ្ញុំរែកអីវ៉ាន់មួយចំនួនដោយថ្មើរជើងជាមួយប្រជាជនដទៃទៀតដើរស្អែកស្កះតាមដងផ្លូវ។ រទេះគោរបស់ខ្ញុំបានឆ្លងដល់ភូមិម្រេញ ខ្ញុំមិនធ្វើដំណើរទៅទិសខាងលិចត្រង់ទេ ប៉ុន្តែខ្ញុំធ្វើដំណើរទៅទិសខាងជើងវិញ។ ខ្ញុំ និងក្រុមគ្រួសារមកដល់ត្រង់សាលាឃុំ ត្រពាស្រែ រួចខ្ញុំក៏បានឈប់បររទេះ។ ប្រពន្ធ និងក្មួយរបស់ខ្ញុំយកបាយទៅឲ្យម្ដាយរបស់ខ្ញុំនៅឯខាងត្បូងថ្នល់។ ពេលនោះកងទ័ពវៀតណាមបានមកទាន់ក្បួនភៀសខ្លួនរបស់ប្រជាជន។ កងទ័ពវៀតណាមទាំងអស់នោះ ពាក់មួកកន្តឹបមានអាវុធគ្រប់ដៃ និងស្ពាយជុំវិញខ្លួន។ ដោយឃើញសភាពបែបនេះខ្ញុំនឹកក្នុងចិត្តថា ឱ!ជីវិតខ្ញុំ ឪពុកម្ដាយ ប្រពន្ធកូន បងប្អូន ក្មួយ និងអ្នកភូមិរបស់ខ្ញុំច្បាស់ជាអន្តរាយនៅក្នុងពេលនេះហើយ។ ខ្ញុំក្រឡេកមើលទៅកងកម្លាំងខ្មែរក្រហមវិញ ធ្វើដំណើរកាន់តែលឿនទៅមុខ។ ប្រជាជនចាប់ផ្ដើមជ្រួលច្របល់យ៉ាងអនាធិបតេយ្យ។ ម្នាក់ៗភ័យបាត់ព្រលឹងពីក្នុងខ្លួនអស់ទៅហើយ ព្រោះកងទ័ពវៀតណាមបានគ្រប់គ្រងជុំវិញប្រជាជន។ កងទ័ពវៀតណាមបានប្រកាសជាភាសាខ្មែររដឺនៗថាបងប្អូនទាំងអស់គ្នា នាំគ្នាត្រឡប់ទៅផ្ទះវិញគោស៊ីស្រូវអស់ហើយ។ កងទ័ពវៀតណាមនិយាយដូច្នេះដដែលៗជាច្រើនដង។ ស្អែកឡើងថ្ងៃ ៧ ខែ មករាឆ្នាំ ១៩៧៩ ខ្ញុំ និងប្រជាជនភៀសខ្លួនទាំងអស់បានត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព៕(ចប់ដោយបរិបូណ៌)