ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ដោយជឿជាក់ថា ប្រទេសទីម័រឡេស្ដេនឹងបានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានដូចកម្ពុជាដែរ ដោយផ្អែកលើធនធានមនុស្ស និងថវិការដែល ទីម័រឡេស្ដេមាន។
នៅក្នុងឱកាសអញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ បានបន្ដថា ទីម័រឡេស្ដេមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកអាស៊ាន ពីព្រោះធនធានមនុស្សរបស់ទីម័រឡេស្ដេល្អប្រសើរជាងកម្ពុជាឆ្ងាយណាស់កាលពីឆ្នាំ១៩៩៩។ ត្រង់នេះ សម្ដេចតេជោ បញ្ជាក់ថា ក្នុងនាមជាសមាជិកអាស៊ាន សម្ដេចបានដឹកនាំកម្ពុជាធ្វើជាប្រធានអាស៊ានចំនួន៣ដងហើយ ដែលមានប្រទេសមិនច្រើននោះទេ ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានក្រៅពីប្រទេសប្រុយណេ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ដូច្នេះខ្ញុំជឿជាក់ថា ប្រទេសទីម័រឡេស្ដេ នឹងទទួលបាននូវការគាំទ្រសម្រាប់ជាសមាជិកពេញសិទ្ធិអាស៊ាន ដោយយោងលើប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ កម្ពុជាមានតែជាង២៨១ដុល្លារបានចូលជាសមាជិកអាស៊ាន ហើយប៉ុន្ដែឥឡូវទីម័រឡេស្ដេមាន ១៤៥៣ដុល្លារ អត់ទាន់បានចូលអាស៊ាន នេះជារឿងអយុត្ដិធម៌ខ្លាំងណាស់សម្រាប់ទីម័រឡេស្ដេ ក្នុងក្របខណ្ឌតំបន់អាស៊ីអាគ្នេយ៍។ ដែលបិតាស្ថាបនិកអាស៊ានចង់ឱ្យប្រទេសទាំងអស់ចូលរួម ក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍មួយដំបូលមួយ៕
ដោយ ៖ សិលា