ខេត្តរតនគិរី ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកន្ទូមចំនួន ១០អដ្ឋិធាតុដែលរុករកឃើញនៅក្នុងភូមិ សាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំង២០២៤-២០២៥ ត្រូវបាន ធ្វើពិធីប្រគល់ និងទទួលដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។
ពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោកស្រី អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជា ប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្ដកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ថ្លែងនៅក្នុងពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេល នេះ លោក ម៉ា វិចិត្រ ក្នុងនាមថ្នាក់ដឹកនាំខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ដរតនគិរី បានសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាន នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា ។
អង្គពិធីសូមលំឱនកាយ សង្រួមចិត្តគោរព វិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិស បួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលមាន អដ្ឋិធាតុ ជួបជុំនៅទីនេះសូមបន្ដស្ថិតនៅ ក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្ដន៍ដោយមង្គលដើម្បីបានជួបជុំ គ្រួសារ សាច់ញាតិ បងប្អូនរបស់ខ្លួន កុំបីឃ្លៀងឃ្លាតឡើយ៕