ភ្នំពេញ៖ ការបង្ហាញវត្តមានថតខ្សែភាពយន្តដ៏កម្ររបស់តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់មហាជន។ ទោះជាយ៉ាងណាទស្សនិកជនអាចនឹងមានការខកចិត្តនិងសោកស្តាយច្រើនព្រោះតែតារាស្រីរូបនេះអាចនឹងបិទអាជីពសិល្បៈរបស់នាងក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី» របស់ផលិតកម្មថោន។
តារាសម្តែងអ្នកនាង អម្ពរ ទេវី បានមកកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ដើម្បីមកសាកសួរសុខទុក្ខអតីតស្វាមី ពិសេសនាងសម្រេចចិត្តថតខ្សែភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា។ តាមគម្រោងអ្នកស្រីនឹងបញ្ចប់ការថតនៅថ្ងៃទី២៥ ខែសីហា នេះ ហើយវាអាចនឹងក្លាយជាស្នាដៃចុងក្រោយរបស់អ្នកស្រីក្នុងអាជីពសិល្បៈ។
សិល្បកររួមសម្តែងជាមួយអ្នកស្រីក្នុងខ្សែភាពយន្តខាងលើបានបញ្ជាក់ដូចៗគ្នាថា អ្នកស្រី អម្ពរ ទេវី នឹងលាឈប់ពីការងារសិល្បៈព្រោះតែអ្នកស្រីមិនមានពេលគ្រប់គ្រាន់ដើម្បីសម្តែង ។ សិល្បករម្នាក់បញ្ជាក់ថា គាត់(អ្នកនាង អម្ពរ ទេវី) ប្រាប់អ្នកសិល្បៈ និងផលិតករថា គាត់នឹងឈប់ទទួលការថតខ្សែភាពយន្ត ឬការងារសិល្បៈណាមួយទៀតទេព្រោះតែគាត់ចង់ទុកពេលវេលាមើលថែគ្រួសារ ។
ប្រភពបន្តថា អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងដែលរួសរាយរាក់ទាក់ ហើយគាត់បានថ្លែងសោកស្តាយចំពោះការមិនមានពេលវេលាច្រើននៅកម្ពុជាដើម្បីសម្តែងខ្សែភាពយន្តនានាបានហើយអ្នកនាងក៏បានថ្លែងការកោតសរសើរចំពោះសមត្ថភាពសម្តែងរបស់តារាប្រុសស្រីជំនាន់ក្រោយផងដែរ។
ប្រភពលើកឡើងដែរថា មុនពេលបញ្ចប់ការថតខ្សែភាពយន្តអ្នកនាង អម្ពរ ទេវី ក៏បានចូលរួមសម្តែងក្នុងបទចម្រៀងថ្មីមួយរបស់តារាចម្រៀង មាស សុខសោភា គឺបទ «ឧត្តមស្វាមី» ផងដែរ ដែលការផលិតបទនេះទើបនឹងរួចរាល់កាលពីពេលថ្មីៗនេះ ។ ប្រភពបន្តថា បទចម្រៀងនេះអ្នកស្រីបានសម្តែងរួមជាមួយនឹងដៃគូសម្តែងចាស់គឺលោក ទេព រិន្ទដារ៉ូដែលសម្តែងជាតួស្វាមី ។
រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលជាខ្សែភាពយន្តខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសចេញថតកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក។ តារាសម្តែង៤ជំនាន់ផ្សេងគ្នាដែលនឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះ មានដូចជាសិល្បករល្បីជំនាន់ទស្សវត្សរ៍ទី៦០ អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី លោក ទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាង ស៊ឹម សូលីកា និងអ្នកនាង ស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី» ។
ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៏នឹងមានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញា មាស សុខសោភា និងលោក ខេម ក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះផងដែរ ។ ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជន ខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន ។ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ ។
គួរបញ្ជាក់ដែរថា អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែងអស់រយៈពេលជាង១ទស្សវត្សរ៍មកហើយ ។ គេនៅចាំបានថា វត្តមានតារាសម្តែង អម្ពរ ទេវី បានធ្វើឲ្យអ្នកទស្សនាចាំមិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត។
ទោះបីជាប្រឡូកយ៉ាងជោគជាំនាងបានបន្សាត់ខ្លួនពីការសម្តែងដោយស្ងប់ស្ងាត់។ ជាង១០ឆ្នាំហើយដែលអតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍ទី៩០ រូបនេះបានបានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ដែលក្រោយមកនាងបានរៀបការប្តីថ្មី ។
បច្ចុប្បន្នអ្នកនាង អម្ពរ ទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាង អម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម៕
ដោយ៖ វឌ្ឍនា