ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃសុក្រទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំដល់ភាគីពាក់ព័ន្ធពីវិធានការទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ដោយផ្អាកការនាំចូលជាបណ្តោះអាសន្នលើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ។
តបតាមកម្មវត្ថុ និងយោងខាងលើ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជម្រាប លោក លោកស្រី ជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលមកកម្ពុជា ដោយផ្អាកការនាំចូល ជាបណ្តោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ។
ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់ វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាម មាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។
ទទួលបានការណែនាំនេះ សូម លោក លោកស្រី ចាត់ចែងអនុវត្តជាការប្រញាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់មានការណែនាំជាថ្មី៕ដោយ៖តារា