ភ្នំពេញ ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ ជូនដំណឹងពីការហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច បាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ ការហាមឃាត់ដូច្នេះ ដើម្បីរក្សាបាននូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងការប្រកួតបាល់ទាត់អន្ដរជាតិ AFC Challenge League វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង FC Arkadag ។ ខាងក្រោមនេះជា សេចក្តីជូនដំណឹង
ស្តីពីការហាមឃាត់ការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច ការបាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការអនុញ្ញាត នៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ។
រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី បងប្អូន ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ នឹងមានការ ប្រកួតបាល់ទាត់អន្តរជាតិ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដូចនេះដើម្បីធានាបាននូវការអនុវត្តច្បាប់ និងរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច ការបាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការ អនុញ្ញាតនៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់កម្មវិធីប្រកួតចប់ សព្វគ្រប់។
ករណី លោក-លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនគោរពតាមការណែនាំ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះដកហូតឧបករណ៍ ឬសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវចំពោះ ការខូចខាត ឬបាត់បង់សម្ភារៈ និងផលប្រយោជន៍របស់លោក-លោកស្រី បងប្អូនប្រជាពលរដ្ឋឡើយ។
អាស្រ័យហេតុនេះ សូម លោក-លោកស្រី បងប្អូនប្រជាពលរដ្ឋពលជ្រាប និងអនុវត្ត តាមខ្លឹមសារខាងលើនេះឱ្យមានប្រសិទ្ធភាព៕
ដោយ ៖ សិលា