ខេត្តតាកែវ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី ខណៈដែលកក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវនៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងពត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាមជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុប យើងទាំងអស់គ្នាត្រូវចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋរស់នៅ។
បើតាមលោក ទេព អស្នារិទ្ធ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពអោយបានខ្លាំងក្លាតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការជំរុញការចូលរួមទប់ស្កាត់និងបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយ ពីសំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្រសួងព័ត៌មានបានដាក់ចេញនិងកំពុងដឹកនាំការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ដោយ យុទ្ធនាការនេះកំពុងត្រូវបានអនុវត្ត នៅទូទាំងប្រទេស សម្រាប់រយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ អ្នកចូលរួមអនុវត្តយុទ្ធនាការនេះ គឺអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន និងពលរដ្ឋទាំងអស់គ្រប់មជ្ឈដា្ឋន។
បច្ចុប្បន្នសកម្មភាពនៃការអនុវត្តយុទ្ធនាការកំពុងប្រព្រឹត្តទៅដោយមានមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នករៀបចំ ព្រមទាំងមានការចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនេះចេញពីលំហព័ត៌មានក្នុងសង្គម៕
ដោយ ៖ សិលា