ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើដល់បុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» វត្តមានរបស់កាកបាទក្រហមកម្ពុជានៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
នេះជាការថ្លែងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ” នៅព្រឹកថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ ដោយមានអ្នកចូលរួមប្រមាណជាង៥០០នាក់។
ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នៅខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនក្នុងខេត្ត បានចូលរួមបរិច្ចាគថវិកា សរុបប្រមាណជាង ១២មុឺន២ពាន់ ដុល្លារអាមេរិក ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហម។ ក្នុងនាមកាកបាទក្រហមកម្ពុជា, លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដ៏ច្រើននេះដើម្បីចូលរួមក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ។
លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងនូវការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ចំពោះ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនជាដៃគូសហប្រតិបត្តិការ សូមបន្តប្រកៀកស្មាគ្នា ប្រមូលផ្តុំកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្តី ដោយ មនុស្សក្តី ដោយចៃដន្យក្តី ដើម្បីជួយសង្គ្រោះជីវិត ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយ អត្រាស្លាប់របស់មាតា និងទារក កាត់បន្ថយអំពើហឹង្សា អសីលធម៌ក្នុងសង្គម ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ ដោយស្ម័គ្រចិត្តព្រមទាំងចូលរួមបរិច្ចាគវិភាគទាន ជាសម្ភារៈ ថវិកា ស្បៀងអាហារ ឬក៏ ចូលរួមជាសមាជិក ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីទ្រទ្រង់និរន្តរភាព សកម្មភាពរបស់កាកបាទ ក្រហម ដោយផ្តល់វិភាគទានប្រចាំឆ្នាំ ក្នុងគោលដៅធ្វើឱ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មាន សម្ភារៈ ថវិកា ទ្រទ្រង់សកម្មភាពមនុស្សធម៌ឱ្យកាន់តែបានច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន និងទៅ ឱ្យបានកាន់តែឆ្ងាយជាងមុន បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ដោយឡែកចំពោះអាជ្ញាធរគ្រប់ផ្នែកគ្រប់ថ្នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ណែនាំហើយ “ការជួយរបស់អាជ្ញាធរដល់កាកបាទក្រហមកម្ពុជា គឺជាការជួយដល់ខ្លួនឯង” ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា ប្រធានបទដែលបានដាក់ចេញក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២៥ បានកំណត់ដោយ កាកបាទក្រហមកម្ពុជា មានគោលដៅរំលេចពីសារសំខាន់នៃវត្តមានរបស់ កាកបាទក្រហមកម្ពុជា នៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។
ដែលបញ្ហាប្រឈមទាំងនោះរួមមាន ៖ វិបត្តិនៃជំងឺរាតត្បាតផ្សេងៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាព រស់នៅ រួមទាំងសុខភាពផ្លូវចិត្ត ជាពិសេសក្រុមជនងាយរងគ្រោះ ។ វិបត្តិនៃសង្គ្រាម រុស្សី-អ៊ុយក្រែន ក៏បាននិងកំពុងជះផលវិបាកមកលើសេដ្ឋកិច្ចសកលលោក និងសង្គម ធ្វើឱ្យអតិផរណាកើនឡើង និងទំនិញឡើងថ្លៃ ។ បញ្ហាប្រែប្រួលអាកាសធាតុ គ្រោះរញ្ជួញដី និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងកាន់តែញឹក ញាប់ជាងមុន និងមានវិសាលភាពកាន់តែធំ នាំឱ្យហានិភ័យកាន់តែខ្ពស់ជាងមុន ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា សូមឧទ្ទិសស្មារតីខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្លាយជាសកម្មភាពជាក់ស្តែងរស់ រវើកជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត ជនងាយរងគ្រោះ និងជនរងគ្រោះ ក្នុងខេត្តក្រចេះ ៕ដោយ៖តារា