ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសត្វផ្សោតឲ្យបានគង់វង្សយូរអង្វែង ព្រោះវាជារតនសម្បត្តិដ៏កម្ររបស់ជាតិ ក៏ដូចជារតនសម្បត្តិដ៏កម្ររបស់ពិភពលោក។ ការណែនាំដូចនេះ ពេលោកអភិបាលខេត្តចុះសួរសុខទុក្ខក្រុមឆ្មាំទន្លេនៅឯស្នាក់ការអភិរក្សសត្វផ្សោតត្បូងខ្លា ស្រុកសៀមបូក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
លោក សរ សុពុត្រា បានថ្លែងដោយមោទកភាព កាលពីពេលកន្លងទៅថា មានកូនផ្សោតបានកើតឡើងថ្មីនៅតំបន់អភិរក្សអន្លង់ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល។ ទន្ទឹមនេះក៏បានសរសើរដល់មន្ត្រីជលផលនិងក្រុមអភិរក្សឆ្មាំទន្លេ ដែលបានខិតខំចូលរួមធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗស្តីពីច្បាប់ជលផលជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង និងខិតខំចុះល្បាតការពារនូវធនធានជលផលទាំងយប់ទាំងថ្ងៃដូចភ្លៀងរលឹម ដើម្បីផលប្រយោជន៍រួមរបស់ជាតិដោយមិនខ្លាចនឿយហត់ថែមទៀត។
របាយការណ៍ខណ្ឌជលផល, លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កាល ពី៤-៥ទសវត្សរ៍កន្លងមកសត្វផ្សោត Irrawaddy នៃទន្លេមេគង្គ ឬហៅថា សត្វផ្សោត ធ្លាប់មានរស់នៅរាយប៉ាយក្នុងដែនជម្រកដ៏ធំទូលាយតាមដងទន្លេមេគង្គ និងដៃទាំងបីនៃទន្លេ រួមមាន ទន្លេសេកុង សេសាន និងទន្លេស្រែពក និងក្នុងបឹងទន្លេសាប។
បច្ចុប្បន្នសត្វផ្សោតទាំងនេះមានរស់នៅតែប៉ែកខាងលើនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជាក្នុងចម្ងាយសរុបប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីក្បាលកោះទ្រង់ ក្រុងក្រចេះ ក្នុងខេត្តក្រចេះ ដល់ជួរល្បាក់ទឹក Khone (ខោន) នៅក្នុងប្រទេសឡាវ។ ដងទន្លេមេគង្គដែលមានចម្ងាយប្រមាណ១៨០គីឡូម៉ែត្រនេះ សម្បូរទៅដោយទីជម្រកដែលមិនទាន់ទទួលរងការបំផ្លិចបំផ្លាញច្រើននៅឡើយ រួមមាន ព្រៃលិចទឹកតាមរដូវកាល ច្រាំងខ្សាច់ អន្លង់ទឹកជ្រៅ ជួរទឹកដែល សម្បូរទៅដោយថ្មប៉ប្រះទឹក បណ្តាកោះដែលលិចទឹកតាមរដូវកាល និងព្រៃលិចទឹកនៅតាមច្រាំងទន្លេ។
ទីជម្រកទាំងនេះ មានសារៈសំខាន់មិនត្រឹមតែសម្រាប់វារីសត្វដើម្បីជ្រកពួនរកចំណី ធំធាត់ និងបង្កាត់ពូជប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងទ្រទ្រង់ដល់ការរស់រានមានជីវិតរបស់ប្រភេទសត្វនៃក្រុមថនិកសត្វ ក្រុមជលជលិកសត្វក្រុមឧរង្គសត្វ និងសត្វស្លាបទឹកដែលទទួលរងការគំរាមកំហែងជាសាកលផងដែរ។ នៅរដូវប្រាំងសត្វផ្សោតតែងតែមករស់នៅផ្តុំគ្នានៅក្នុងតំបន់ស្នូលសំខាន់ៗចំនួនបួន ដែលមានកំណត់នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពី “ការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ លេខ១៥៥ អនក្រ.បក ចុះ ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១២។
លោកប្រធានមន្ទីរបន្តថា សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN ក្នុងឆ្នាំ ២០០៤ (Smith & Beasley, 2004) និងជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុបចំនួន៥៨ប្រភេទ ដែលមានកំណត់ក្នុងអនុក្រឹត្យស្ដីពី “ការកំណត់ប្រភេទផលនិងផលិតផលជលផលកំពុងរងគ្រោះថ្នាក់ លេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ១២ ខែសីហាឆ្នាំ២០០៩។ ក្រៅពីនេះ សត្វផ្សោតទន្លេ មេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញាស្តីពី “ការធ្វើពាណិជ្ជកម្មលើប្រភេទសត្វ និងរុក្ខជាតិកំពុងទទួលរងគ្រោះថ្នាក់ ដែលហៅកាត់ថាCITES 1។
លោកប្រធានមន្ទីរកសិកម្ម បន្តឲ្យដឹងទៀតថា ក្រុមការងារជលផល បានខិតខំប្រឹងប្រែងការពារធនធានជលផល និងបង្ក្រាបបានបទល្មើសរយៈពេល៤ខែចុងក្រោយនេះ ដកហូតមងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ១០.១៤៥ម៉ែត្រ, ដកហូតសន្ទូចនិងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៨.២៩៤ផ្លែ, បញ្ជូនជនសង្ស័យទៅ តុលាការចំនួន ៤នាក់-កិច្ចសន្យាប្រជានេសាទចំនួន ៣៤នាក់-ផ្សព្វផ្សាយ-អប់រំ ណែនាំចំនួន ៩៨នាក់, ទូក ០៣គ្រឿង, ម៉ាស៊ីន ៣គ្រឿង, កាំភ្លើងកែច្នៃ១គ្រឿង,អាគុយ ៤គ្រឿង, ក្បាលឆក់ ៤គ្រឿង, ថ្នងដង, ដងឆក់១គូ, ខ្សែកាប្លិ៍ ៣ខ្សែ ប្រវែង ១០ម៉ែត្រ, ខ្សែភ្លើងប្រវែង ១០ម៉ែត្រ, ធុងប្រស់ត្រី ១គ្រឿង, ថ្នាំញៀន១កញ្ចប់តូច និងប្រដាប់ជក់គ្រឿងញៀន១ឈុត, ទូរស័ព្ទ ២គ្រឿង បានលែងត្រីមេពូជ និងត្រីកំពុងរងគ្រោះថ្នាក់ប្រមាណជា ៤០គីឡូក្រាម ចូលក្នុងដែននេសាទធម្មជាតិវិញ។
សូមជម្រាបថា បច្ចុប្បន្នសត្វផ្សោតនៅក្នុងខេត្តស្ទឹងត្រែងមាននៅក្នុងចន្លោះពី២៥-៣០ក្បាលប៉ុណ្ណោះ៕