ខេត្តរតនគិរី៖ ប្រជាជនជាតិដើមភាគតិច ដែលរស់នៅស្រុកវើនសៃ ខេត្តរតនគិរី បានស្នើសុំដល់រដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។ បន្ថែមពីនេះ ពលរដ្ឋជនជាដើមភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជា កង់ ម៉ូតូ ពោលកុំយកថ្លៃធ្វើដំណើររបស់សិស្សសាលា។
បើតាមការស្នើសុំរបស់ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុង ឃុំកុកឡាក់ ឃុំវើនសៃ និងឃុំប៉ាកាឡាន់ នៅស្រុកវើនសៃ បានត្អូញត្អែរពីការចំណាយច្រើនទៅលើការដឹកជញ្ជូនទំនិញកសិកម្មទៅលក់នៅលើទីផ្សារតាមរយៈ ទោចក្រយាន និងត្រីចក្រយានយន្ត ការឆ្លងទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលបានឆ្លងដរទៅរៀននៅវិទ្យាល័យវិរៈជ័យ នៅឯត្រើយម្ខាងទៀត។
ក្នុងនាមជាអាណាព្យាបាល និងជាប្រជាកសិករផងនោះ ពួកគាត់បានស្នើសុំយ៉ាងទទូចទៅកាន់រដ្ឋាភិបាលជួយអន្តរាគមន៍លើរឿងនេះ ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ការធ្វើដំណើរ។
ជាក់ស្ដែងតំណាងឱ្យប្រជាពលរដ្ឋនៅ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ លោកស្រី ផេង ចរិយា បានសំណូមដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជួយសាងសង់ស្ពានម៉ាឡេ ឬ ស្ពានឆ្លងកាត់ទន្លេសាន ប្រវែង ៣០០ ម៉ែត្រ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យបានប្រសើរឡើង។ លោកស្រីបន្ថែមថា៖ «នៅពេលមានស្ពានប្រជាជនទូទៅធ្វើដំណើរទៅមកស្រួល កាត់បន្ថយចំណាយ លើការដឹងជញ្ជូន ចន្ទី ដំឡូងមី សិស្សសាលាទៅរៀនសូត្រ និងការជួញដូរផលិតផលផ្សេងៗ»។
តំណាងប្រជាពលរដ្ឋរូបនេះ ក៏បានបង្ហាញការជឿជាក់ថា បើនៅតំបន់នោះមានស្ពានឆ្លងកាត់ នឹងជួយបង្កើតឱ្យមានផ្លូវសម្រាប់ភ្ញៀវទេសចរ ទៅតំបន់ឧទ្យានវិរៈជ័យ និងទីកន្លែងទេសចរណ៍ជាច្រើនទៀត ដែលជាស្នូលសេដ្ឋកិច្ច សម្រាប់រាជរដ្ឋាភិបាលទៅលើវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ។
គួរបញ្ជាក់ថា ស្រុកវើនសៃ នៅឆ្ងាយពីក្រុងបានលុង ខេត្តរតនគិរី ប្រមាណ ៤៩ គីឡូម៉ែត្រ ដោយផ្លូវក្រាលដោយគ្រោះក្រហម បើនៅរដូវវស្សាមានក្រឡុកច្រើនកន្លែង រអិលបែកភក់។ ចំណែករដូវប្រាំងវិញ ដីក្រហមហុយធូលីខ្លាំង ដែលកត្តាទាំងនោះបានបង្កការរំខានដល់ជនជាតិភាគតិច បង្ខំឱ្យពលរដ្ឋឋធ្វើដំណើរតាមទូកចម្លង ពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ឆ្លងកាត់ទន្លេសេសាន។
សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពេលកន្លងទៅធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាំងផ្លូវជាតិ នឹងបន្តទៅកសាងដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចធិបតី គូសបញ្ជាក់ថា៖« ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស»៕ដោយ៖តារា