ខេត្តព្រៃវែង ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ នាព្រឹកថ្ងៃទី១២ ខែឧសភា នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានរំឭកអំពីអតីតកាលមួយនៅកម្ពុជានាក្រោយសម័យខ្មែរក្រហម ពោលនៅក្នុងអំឡុងពេលដែល លោកមានអាយុជាង១០ឆ្នាំ បានចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង ជាឪពុកក្នុងពីធីឆ្លងស្ពានឈើមួយនៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់។
ត្រង់ចំណុចនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារថែរក្សាសុខសន្តិភាព ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិតាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហមហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំបានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា សមិទ្ធផលដែលមនុស្សជំនាន់នេះអាចមើលឃើញត្រឹមស្ពានឈើ ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជាក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ និងរីករាយបំផុត។
បើធៀបមកដល់បច្ចុប្បន្ន លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានរំលេចថា ផ្លូវដែលបើកការដ្ឋានស្ថាបនា នាឱកាសនេះជាដើម គ្រាន់តែជាផ្នែកតូចមួយ ក្នុងចំណោមសមិទ្ធិផលជាច្រើននៃរាជរដ្ឋាភិបាលតាំងពីនីតិកាលសម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងអភិវឌ្ឍជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយដែលចាត់ទុកផ្លូវជាអាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ។
លោកអភិសន្តិបណ្ឌិតក៏បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ក៏ដូចជារំឭកដល់លោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការដឹកនាំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេចនាពេលនេះ សូមបង្កើនការដាក់ពង្រឹងគុណភាពនៃការស្ថាបនា ខណៈប្រជាពលរដ្ឋ ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះតាមរយៈការមិនចាក់ដីរំលោភ លើចិញ្ចើមផ្លូវថ្នល់ដែលនាំឱ្យដក់ទឹក ការមិនដឹកទំនិញលើសទម្ងន់ និងការចូលរួមធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរក្នុងករណីមានសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។
នាឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោល គឺមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិតបានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម ក្នុងនោះសម្រាប់សិស្សថ្នាក់ទី១២ មិនថាស្រុកព្រះស្ដេច និងខេត្តព្រៃវែងទាំងមូលនោះទេ គឺឯកឧត្តមអភិសន្តិបណ្ឌិត ត្រៀមផ្តល់ការលើកទឹកចិត្តម៉ូតូមួយគ្រឿងសម្រាប់សិស្សជាប់និទ្ទេសA។
សូមបញ្ជាក់ថា នៅក្នុងស្រុកព្រះស្តេចមានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ ខ្សែ ប្រវែង ៤៦,៨៧៥ ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួន ១២ ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ ខ្សែ ប្រវែង ៣,៤១២ ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ ខ្សែ។ ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០ ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជា- វៀតណាម៕
ដោយ ៖ សិលា