លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង មន្ត្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបផងដែរ។

សូមជម្រាបថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានបំពាក់ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីចរាចរឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត និងបំពាក់ទ្វារទឹកសរុបចំនួន២៥ ដែលទ្វារទឹកនីមួយៗមានទំហំទទឹង១០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ទី២)សំណង់ជើងទេរច្រាំងស្ទឹង ទី៣)ផ្លូវក្រាលបេតុង ២ខ្សែ មានប្រវែងសរុប ១៥០០ម៉ែត្រ ទី៤)សំណង់ជណ្តើរត្រីចំនួនមួយខ្សែ ប្រវែង ២០០ម៉ែត្រ ទី៥)សំណង់អគារការិយាល័យ និងប្រតិបត្តិការដែលមានទទឹង ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ កម្ពស់ ១ជាន់។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យផ្តោតការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាពសំណង់នីមួយៗ ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយក្រុមការងារត្រួតពិនិត្យត្រូវបន្តកិច្ចសហការចុះពិនិត្យដោយផ្ទាល់លើការងារបច្ចេកទេស និងកែលម្អចំណុចខ្វះខាតភ្លាមៗនៅការដ្ឋានផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំគម្រោងត្រូវពង្រឹងលើការងារគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ និងពង្រឹងការចុះតាមដានត្រួតពិនិត្យការងារជាប់ជាប្រចាំ ដើម្បីធានានូវគុណភាពការងារ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោបានចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ គម្រោងនេះមានសក្តានុពលបម្រើឱ្យការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print