ក្រុមហ៊ុន Honda Motor Co. បានប្រកាសកាលពីថ្ងៃអង្គារថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមរបស់ខ្លួននៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នរហូតដល់ខែមីនាឆ្នាំក្រោយត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ 70.1% បើធៀបនឹងឆ្នាំមុនដល់ចំនួនទឹកប្រាក់ 250 ពាន់លានយ៉េន។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ធំរំពឹងថាប្រាក់ចំណេញប្រតិបត្តិការសារពើពន្ធឆ្នាំ 2025 របស់ខ្លួននឹងត្រូវធ្លាក់មកចំនួន 650 ពាន់លានយ៉េន ដោយសារឥទ្ធិពលនៃគោលនយោបាយពន្ធខ្ពស់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ។ ក្រុមហ៊ុនក៏ចាត់ទុកការឡើងថ្លៃនៃប្រាក់យ៉េនថាជាការបង្អាក់លើប្រាក់ចំណូលរបស់ខ្លួន
ផងដែរ។
ក្រុមហ៊ុនបានព្យាករថា ផលប៉ះពាល់នៃពន្ធអាមេរិកអាចនឹងត្រូវកាត់បន្ថយចំនួន 200 ពាន់លានយ៉េនតាមរយៈការផ្លាស់ប្តូរការផលិតរថយន្តមួយចំនួនទៅសហរដ្ឋអាមេរិក និងការកាត់បន្ថយការចំណាយ ។ ពួកគេក៏នឹងពិចារណាផងដែរអំពីការដំឡើងតម្លៃរថយន្តរបស់ខ្លួន និងការបង្កើនសមត្ថភាពផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក។
ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធរណេតថា ក្រុមហ៊ុននឹង ពិចារណាដោយប្រុងប្រយ័ត្ននូវការផ្លាស់ប្តូរផ្នែកផលិតកម្មដែលអាចធ្វើទៅបាន ខណៈដែលជំហាននេះត្រូវបានគេរំពឹងថានឹងមាន ផលប៉ះពាល់យ៉ាងខ្លាំងលើការងារ និងសង្វាក់ផ្គត់ផ្គង់។
ក្រុមហ៊ុន Honda បានសម្រេចចិត្តពន្យារពេលប្រហែល 2 ឆ្នាំ លើផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសកាណាដា ដោយសារតែតម្រូវការរថយន្ត អគ្គិសនី មានការថយចុះ។