ខេត្តតាកែវ៖ សាលប្រជុំរដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តតាកែវចំនួន១៩៦រូប ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ។ ដោយមានការចូលរួមពីលោកលោកស្រីអនុប្រធាន និងសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកគ្រូ អ្នកគ្រូ អ្នកដឹកនាំ និងបណ្ដុះបណ្ដាលយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជាខេត្តតាកែវចូលរួមជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកគ្រូអ្នកគ្រូនិងជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌នានារបស់សាខា ជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាននានារបស់ខេត្តតាកែវ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបំពាក់ឯកសណ្ឋាននាពេលនេះ មិនត្រឹមតែជាការផ្តល់នូវសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃស្មារតីស្ម័គ្រចិត្ត ភក្តីភាព ចំពោះគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម និងជាការលើកទឹកចិត្តឱ្យក្មួយៗបន្តពង្រឹងសមត្ថភាពចំណេះដឹងនិងជំនាញ ដើម្បីក្លាយជាយុវជនគំរូ ជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ។
បន្ថែមពីនេះ លោក វ៉ី សំណាង ក៏បានផ្ដាំផ្ញើដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ដល់ក្មួយៗយុវជនកាកបាទក្រហមទាំងអស់ថា ក្មួយៗជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ ការចូលរួមក្នុងចលនាកាកបាទក្រហមគឺជាឱកាសដ៏ល្អមួយសម្រាប់ក្មួយៗក្នុងការរៀនសូត្រ ស្វែងយល់អំពីតម្លៃមនុស្សធម៌ ការជួយគ្នាទៅវិញទៅមក និងការលះបង់ដើម្បីសង្គម។ អាស្រ័យហេតុនេះ សូមក្មួយៗបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ក្លាយជាសិស្សល្អកូនល្អ និងជាពលរដ្ឋល្អ ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាជាទីស្រឡាញ់របស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀតនាថ្ងៃអនាគត៕
ដោយ៖តារា