ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប. មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះហើយ ល.ខ.ប នីមួយៗ មានការយល់ដឹងកាន់តែច្បាស់អំពីច្បាប់បទបញ្ជា និងនីតិវិធីបច្ចេកទេសព្រម ទាំងវិធីសាស្រ្តល្អៗពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួលនិងការដោះស្រាយពាក្យបណ្តឹង សម្រាប់យកទៅអនុវត្តក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំ ខាងមុខ ដើម្បីផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្រ្តីក្រោមឱវាទ និងក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តរបស់ខ្លួន សំដៅរួមចំណែកបង្កើនសមត្ថភាពមន្រ្តី និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ ព័ន្ធ មកលើគុណភាពបញ្ជីបោះឆ្នោត ឆ្នាំ ២០២៥ និងឆ្នាំ២០២៦ ដែលនឹងត្រូវប្រើ ប្រាស់សម្រាប់ការបោះឆ្នោតជាសកល ដើម្បី ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងបន្តធ្វើបច្ចុប្បន្ន ភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៧ សម្រាប់ប្រើប្រាស់ក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ តាមការកំណត់នៃច្បាប់។
ការថ្លែងបញ្ជាក់របស់លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ ជ.ប.) នៅក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលប្រមូលផ្ដុំតាមតំបន់ ដែល មានការចូលរួមពីសិក្ខាកាមដែលជាប្រធាន ល.ខ.ប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវា កម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ទ្រឹស្ដីនៃ ល.ខ.បបន្ទាយមានជ័យ,បាត់ដំបង,កំពង់ឆ្នាំង,កំពង់ធំ, ពោធិ៍សាត់,សៀមរាប,ប៉ៃលិន,ឧត្តរមានជ័យនិងក្រុម ប្រឹក្សាសង្កាត់ទាំងអស់នៃក្រុង សៀមរាប ។
លោកអគ្គលេខាធិការគ.ជ.ប. មានប្រសាសន៍ទៀតថា ការបណ្តុះបណ្តាល ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីបោះ ឆ្នោតថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយពាក្យបណ្តឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធលើដំណើរការនៃការបោះឆ្នោត។
លោកបានបន្តថា យោងតាមបទពិសោធជោគជ័យកន្លងមកនេះ និងក្នុងគោល បំ ណងកសាង និងពង្រឹងសមត្ថភាពមន្រ្តីលេខាធិការដ្ឋានរាជធានី- ខេត្តរៀបចំការ បោះឆ្នោត និងក្រុមប្រឹក្សាឃុំ -សង្កាត់ ដែលទទួលការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប. និងជាយន្តការថ្នាក់ដំបូងក្នុងការ អនុវត្តនីតិវីធីទទួល និងដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៥ នេះ លោកប្រធាន គ.ជ.ប. បានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប. រៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំចំនួន ២វគ្គ បន្តទៀត សំដៅលើកកម្ពស់គុណ ភាពបញ្ជីបោះឆ្នោតដែលជាឯកសារ សំ ខាន់មិនអាចខ្វះបានក្នុងការបោះឆ្នោត។
សូមជម្រាបថា គ.ជ.ប. នឹងរៀបចំវគ្គបណ្ដុះ បណ្ដាលដូចគ្នានេះនៅទីរួមខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕