ខេត្តមណ្ឌលគីរី÷អ្នកភូមិ ដែលប្រកបរបរធ្វើស្រែ និងចម្ការ មួយចំនួន រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំគ្នាសម្រុកចូលព្រៃ ដើម្បីរុករកផ្សិតម្យ៉ាងហៅថាផ្សិត ប៉ក់ដែលមានតម្លៃថ្លៃ យកទៅលក់ឱ្យឈ្មួញ ខណៈផ្សិតប្រភេទនេះមានតម្រូវការខ្ពស់នៅឯប្រទេសថៃ។ អ្នកភូមិនាំគ្នាចូលព្រៃដើម្បីស្វែងរកផ្សិតប៉ក់ ដើម្បីយកមកលក់ឲ្យឈ្មួញមួយដែលមកចាំទិញដល់ផ្ទះ។
ក្រៅពីអ្នកភូមិនៅស្រុកកែវសីមា,ក៏នៅមានអ្នកភូមិផ្សេង ទៀតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី នាំគ្នាចូលព្រៃស្វែងរកផ្សិតប៉ក់ដូចគ្នានេះដែរ។ ប្រជាពលរដ្ឋនៅស្រុកកោះញែកនិយាយថាតម្លៃផ្សិតប៉ក់ឆ្នាំនេះចុះថោកជាងឆ្នាំមុន។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែបន្តចូល ព្រៃស្វែងរកផ្សិតប៉ក់យកមកលក់ ដើម្បីដោះស្រាយជីវភាព ប្រសើរជាងនៅផ្ទះទំនេរអត់ការងារធ្វើ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ដើមរដូវវស្សា អ្នកភូមិតែងតែនាំគ្នាទៅរកផ្សិតប៉ក់ នៅតាមព្រៃសហគមន៍ បន្ទាប់ពីទំនេរការធ្វើស្រែ ចម្ការ ដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ផ្សិតប៉ក់នេះ អ្នកភូមិអាចលក់បានតម្លៃថ្លៃរហូតដល់ ៦ម៉ឺនរៀល ក្នុង១គីឡូក្រាម នៅ ដើមរដូវ ប៉ុន្តែតម្លៃនេះនឹងធ្លាក់ចុះវិញ អាស្រ័យទៅតាមរដូវកាល និងអាកាសធាតុ។ ដោយសារតម្លៃថ្លៃគួរសម្យនេះហើយ ទើបអ្នកភូមិនាំគ្នាសម្រុកចេញទៅរកតាមព្រៃសហគមន៍នៅក្បែរមូលដ្ឋានរបស់ខ្លួន។
អ្នកស្រី ប៊ួ នឿន អាយុ៤៨ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរៀបរាប់ថា សព្វថ្ងៃគាត់មានមុខរបរជាកសិករ ធ្វើស្រែចម្ការ ហើយទំនេរពីការងារ គាត់តែង តែដើររកមើលនៅតាមព្រៃសហគមន៍របស់ខ្លួន ដូចជាអនុផលរុក្ខជាតិផ្សេងៗ ដែលអាចយកទៅលក់ឱ្យឈ្មួញគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីបន្តថា៖«ឱ្យតែដល់ចុងខែមេសា បន្ទាប់ពីភ្លៀងជោកជាំដី ក្រុមគ្រួសារខ្ញុំតែងតែដើររុករក រុក្ខជាតិមួយប្រភេទ ហៅថាផ្សិតប៉ក់ ដែលវាមានតម្លៃថ្លៃ រហូតដល់ ៦ម៉ឺនរៀលឯណោះក្នុង១គីឡូក្រាម។ ប៉ុន្តែនៅក្នុងឆ្នាំនេះអាកាសធាតុប្រែប្រួលប្រភេទផ្សិតប៉ក់នេះ ដុះយឺតជាងរាល់ឆ្នាំបន្តិច គឺចូលខែឧសភាសប្ដាហ៍ទីមួយទើបផ្សិតចាប់ផ្ដើមដុះបណ្តើរៗ»។ បើតាមការអះអាងអ្នកស្រី ប៊ួ នឿន គាត់អាចរកបានក្នុងមួយថ្ងៃ ៣ទៅ៤គីឡូក្រាម ហើយបើធៀបនឹងឆ្នាំមុនអាចរកបានរហូតទៅដល់ជាង ១០គីឡូទៅ២០គីឡូក្រាម។
អ្នករើសផ្សិតរូបនេះបានបញ្ជាក់ថា ឯតម្លៃនៅក្នុងឆ្នាំនេះវិញ គឺមិនសូវជាបានតម្លៃថ្លៃខ្លាំងដូចឆ្នាំមុនទេ គឺឈ្មួញឱ្យក្នុង១គីឡូក្រាមចន្លោះពី ៤ ទៅក្បែរ ៥ម៉ឺនរៀល បើធៀបនឹងឆ្នាំមុនៗតម្លៃឆ្នាំនេះធ្លាក់ចុះបន្តិច។ ការដើររកផ្សិតប្រភេទកម្រនេះ មិនមែនមានតែក្រុមគ្រួសាររបស់គាត់ទេ គឺមានបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចេញទៅរកផ្សិតប្រភេទនេះទាំងចាស់ទាំងក្មេងស្ទើរស្ងាត់ភូមិ។
អ្នកស្រី ប៊ួ នឿន បានឱ្យដឹងថា៖«ព្រោះថាផ្សិតនេះ មានអាយុកាលខ្លីប៉ុណ្ណោះ បើសិនជាយើងរើសមិនទាន់យកទៅលក់ឱ្យឈ្មួញនោះទេវានឹងអាចចាស់ហើយទុំ ពេល នោះឈ្មួញមិនទទួលទិញនោះទេ»។
ស្របពេលដែលប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើ នាំ គ្នាសម្រុកចេញរុករកផ្សិត ដែលមានតម្លៃថ្លៃនេះ ក៏មានឈ្មួញជាច្រើន បានឈរចាំនៅតាមដងផ្លូវដើម្បីរង់ចាំទទួលទិញផ្សិតប៉ក់ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនហូរហែផងដែរ។
លោក សុខលី ដែលចាំទទួលទិញផ្សិតប៉ក់ ពីបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ បានឱ្យដឹងថា គាត់តែងតែទទួលទិញផ្សិតប៉ក់ពីបងប្អូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំនៅក្នុងតំបន់នេះ រួចហើយខ្ចប់ឱ្យមានរបៀបរៀបរយ ដឹកតាមរថយន្តយកទៅលក់បន្តឱ្យឈ្មួញថៃនៅតាមច្រកអានសេះខេត្តព្រះវិហារ។
លោកបន្តថា ពាក់ព័ន្ធនឹងតម្លៃហាងឆេងទីផ្សារវិញ មាន ការឡើងចុះជាប្រចាំ ដែលហាងឆេងនេះមិនមែនលោកជាអ្នកទម្លាក់នោះទេ គឺភាគីខាងថៃដែលតម្រូវទិញតាម អាកាសធាតុ ពោលបើមានភ្លៀងធ្លាក់ជោកជាំ គេទម្លាក់តម្លៃបន្តិច ប៉ុន្តែបើថ្ងៃខ្លះរាំងភ្លៀង ចន្លោះមួយថ្ងៃទៅពីថ្ងៃវិញ តម្លៃនឹងឡើងវិញបន្តិច។ បើតាមឈ្មួញរូបនេះ តម្លៃដែលលោកទិញពីម្សិលមិញ១គីឡូក្រាម៤៣០០០រៀល ប៉ុន្តែថ្ងៃនេះ ហាងឆេងមានការធ្លាក់ចុះ គឺលោកទិញត្រឹម តែ ក្នុង១គីឡូក្រាម ៣៥០០០រៀលប៉ុណ្ណះ។
គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិយ៉ាងច្រើនសម្បូរបែបនៅតាមព្រៃធនធានធម្មជាតិ ពិសេសនៅព្រៃសហគមន៍ក្បែរមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះបញ្ជាក់ឱ្យឃើញថា ដើមឈើនៅឈរ មិនមានកាំបិតកាប់បំផ្លាញពីសំណាក់ជនទុច្ចរិត វានឹងអាចហុចផលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជារៀងរហូត៕