យន្តហោះហ្វឹកហ្វឺន T-4 របស់ជប៉ុនបានធ្លាក់ចូលទៅក្នុងបឹងមួយ បន្ទាប់ពីហោះចេញពីមូលដ្ឋាន Komaki អ្នកបើកបរពីរនាក់បានបាត់ខ្លួន។
កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) បាននិយាយថា យន្តហោះចម្បាំង T-4 បានបាត់ពីរ៉ាដានៅរសៀលថ្ងៃទី ១៤ ឧសភា ពីរនាទីបន្ទាប់ពីហោះចេញពីមូលដ្ឋានអាកាស Komaki ក្នុងខេត្ត Aichi ហើយបានធ្លាក់ចូលទៅក្នុងអាងស្តុកទឹក Iruka នៅទីក្រុង Inuyama ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ។
ឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែលក្រុមអាកាសយានិកកំពុងត្រឡប់ទៅអាកាសយានដ្ឋានយោធា Nyutabaru នៅភាគនិរតីនៃប្រទេស បន្ទាប់ពីបាននាំយកយន្តហោះចម្បាំងធុនធ្ងន់ F-15 ទៅកាន់មូលដ្ឋាន Komaki សម្រាប់ការថែទាំជាប្រចាំ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញដុំប្រេងនៅលើផ្ទៃបឹង បន្ទាប់មកបានរកឃើញបំណែកខ្លះនៃយន្តហោះ និងឧបករណ៍អ្នកបើកបរ។
អ្នកបើកយន្តហោះទាំងពីរនាក់នៅលើយន្តហោះនៅតែបាត់ខ្លួនដដែល ដោយមិនមានអ្នករងរបួស ឬខូចខាតនៅលើដីឡើយ។
JASDF បានបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ មេបញ្ជាការ JASDF លោក Hiroaki Uchikura បានប្រកាសថា យន្តហោះ T-4 ទាំង 197 គ្រឿងដែលកំពុងបម្រើការនឹងត្រូវបាន ត្រួតពិនិត្យសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា យន្តហោះ T-4 ដែលបានធ្លាក់នោះ ត្រូវបានផលិតឡើងកាលពី៣៦ ឆ្នាំមុន ហើយមិនមានឧបករណ៍ថតសំឡេង កាប៊ីនយន្ដហោះ ឬឧបករណ៍ថតទិន្នន័យហោះហើរទេ៕ ដោយធីរីណា
រូបថត: kyodo