ខេត្តកណ្តាល ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារមានតែរថយន្តឡិចសុីស៤៧០ មួយគ្រឿងឈប់ខូចនៅលើផ្លូវ រួចមានរថយន្តមួយគ្រឿងទៀតមកឈប់ចតខាងក្រោយដើម្បីជួសជុល ស្រាប់តែមានរថយន្ត ១គ្រឿងទៀតម៉ាក អាល់ហ្វាត (alphard) ពណ៌ស បើកបរស្របទឹសគ្នា មកបុកពីក្រោយរថយន្តស្ថារិចបន្តទៀត ដែលជាហេតុបង្កឱ្យមានអគ្គិភ័យឆាបឆេះតែម្ដង។
ហេតុការណ៍នេះ កាលពីម៉ោង៨:២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ដែលស្ថិតនៅតាមបណ្ដោយក្រវាត់ក្រុងទី៣ ជិតដល់ព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស ៤៧០ បានឈប់ខូចនៅលើផ្លូវ រួចមានរថយន្តមួយគ្រឿងទៀតមកឈប់ចតខាងក្រោយដើម្បីជួសជុល លុះដល់ម៉ោងកើតហេតុស្រាប់តែមានរថយន្ត ១គ្រឿងទៀតម៉ាក អាល់ហ្វាត (alphard) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BC-2558 បើកបរដោយឈ្មោះ ឡោ គឹមសឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរស្របទឹសគ្នាក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយទើបបង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅឡើង។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង។ ជុំវិញអគ្គិភ័យខាងលើ បានខូចខាតរថយន្តចំនួន៣គ្រឿង តែមិនបង្កឱ្យអ្នកណារងរបួស ហើយសមត្ថកិច្ចបានស្ទូចយករថយន្តទាំង៣គ្រឿងទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ