* ថ្ងៃ ២០ ឧសភាទិវាជាតិនៃការចងចាំ ÷
ថ្ងៃចន្ទទី ២០ ខែឧសភាឆ្នាំ ២០១៩ ម៉ោង ៨ ព្រឹកនៅក្នុងបរិវេណវត្តសុគន្ធារាម ហៅ វត្តស្គន់ស្ថិតនៅក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខ្ញុំបានចូលរួមក្នុងកម្មវិធីទិវាជាតិនៃការចងចាំ។ សូរសំឡេងអានវិនិយោគកថា និងស្មូតកំណាព្យបានលាន់ឮឡើងយ៉ាងពីរោះលន្លងើលន្លោច ស្រងេះស្រងោច ប្រកបដោយអត្ថន័យសែនកំសត់អន្ទងបេះដូង និង មនោសញ្ចេតនារបស់ខ្ញុំឲ្យនឹករលឹកដល់ស្លាកស្នាមជីវិតកាលពីអតីតកាល។
* មិនអាចបំភ្លេចបាន÷
សង្គ្រាម!សង្គ្រាម!សង្គ្រាម! សង្គ្រាមបានបង្ហិនបង្ហោចគ្រប់បែបយ៉ាង។ ឃ្លានេះខ្ញុំធ្លាប់តែបានឮក្នុងស្នាដៃប្រលោមលោកខ្មែរ រឿង គូលីកំណែន ជាស្នាដៃរបស់លោក អ៊ឹម ថុក ដែលបានបង្ហាញពីសោកនាដកម្ម និងមហន្តរាយនៃសង្គ្រាមនៅក្នុងប្រទេសកម្ពុជានាសម័យក្រោមនឹមអាណានិគមបារាំង និង ជប៉ុន។មកដល់ពេលនេះ សង្គ្រាមបានចាប់ផ្ដើមរះឡើងម្ដងទៀតក្នុងមាតុភូមិដ៏សែនកម្សត់របស់ខ្ញុំថែមទាំងផ្ដល់នូវផលវិបាក និងឥទ្ធិពលដ៏ខ្លាំងក្លាលើសពីខ្លឹមសារនៅក្នុងប្រលោមលោករាប់រយលានដងទៅទៀត។
ដើមឆ្នាំ ១៩៧៣ ក្នុងរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ខ្ញុំគឺជាគ្រូពេទ្យទាហានម្នាក់រស់នៅក្នុងបន្ទាយស្លឹកក្បែរមន្ទីរពេទ្យរុស្ស៊ីក្នុងគ្រួសារមួយដែលរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គល ជាមួយនឹងបងប្អូនប្រុសស្រី ៧ នាក់។ ម្ដាយរបស់ខ្ញុំជាមេផ្ទះ។ នៅពេលនោះស្ថានភាពរបស់ប្រទេសជាតិកំពុងតែជួបប្រទះនូវអសន្តិសុខនិងបញ្ហាប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងកងទ័ពសាធារណរដ្ឋខ្មែរនិងកងទ័ពរំដោះ ហើយបានបង្កជាសោកនាដកម្ម ជម្លោះអំពើហិង្សា និងភាពភ័យខ្លាចដល់ប្រជាជនខ្មែរទូទាំងប្រទេស។
ថ្ងៃមួយឪពុកម្ដាយរបស់ខ្ញុំបានទទួលដំណឹងពីស្រុកកំណើតនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មកថាជីដូនខាងឪពុករបស់ខ្ញុំបានទទួលមរណភាព។ ឪពុក អ៊ំប្រុសនិងខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះមកកាន់ស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យសពតាមប្រពៃណី។ បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់ ឪពុករបស់ខ្ញុំត្រូវមានភារកិច្ចត្រឡប់ទៅភ្នំពេញវិញជាបន្ទាន់ ព្រោះស្ថានភាពប្រទេសជាតិហាក់ដូចជាកំពុងតែឈានទៅរកសមុទ្រទុក្ខភ័យនៃសង្គ្រាមក្នុងជម្លោះរវាងខ្មែរគ្នាឯងប្រកបដោយមហិច្ឆតា ដោយមានការលូកដៃកកូរកកាយពីសំណាក់បរទេសជាខ្នងបង្អែក។ ក្នុងកាលៈទេសៈបែបនេះ ឪពុកនិងអ៊ំប្រុសរបស់ខ្ញុំត្រូវបង្ខំចិត្តត្រឡប់ទៅភ្នំពេញវិញទាំងមិនអស់ចិត្ត។ ចំណែកខ្ញុំត្រូវបានអ៊ំស្រីខាងម្ដាយឃាត់ឱ្យនៅលេងស្រុកកំណើតជាមួយបងប្អូនសាច់ញាតិមួយរយៈសិន។ ការបែកគ្នានៅពេលនោះខ្ញុំហាក់ដូចជាបង្កប់នៅក្តីបារម្ភ និងពោរពេញទៅដោយទុក្ខព្រួយ វាហាក់ដូចជាប្រផ្នូលឲ្យគាត់បានដឹងជាមុនថាការបែកគ្នាលើកនេះជាការបែកគ្នាអស់មួយជីវិត។ ចាប់តាំងពីថ្ងៃនោះមកខ្ញុំមិនដែលបានឃើញមុខរបស់គាត់រហូតទល់សព្វថ្ងៃនេះ។
រំលងមកបានប្រហែលពីរថ្ងៃ បន្ទាប់ពីឪពុករបស់ខ្ញុំត្រឡប់ទៅក្រុងភ្នំពេញវិញ។ ភ្លើងសង្គ្រាមចាប់ផ្ដើមឆេះឡើងយ៉ាងសន្ធោសន្ធៅ។ កងទ័ពរំដោះបានបិទផ្លូវនៅម្ដុំឡធ្យូងខាងលិចទីប្រជុំជនស្គន់ដោយរំលំដើមចំបក់ដ៏ធំឃាំងបិទផ្លូវលែងឲ្យទៅមក។ ខ្ញុំលែងបានវិលត្រឡប់ទៅជួបជុំគ្រួសារវិញហើយក៏បានសម្រេចចិត្តរស់នៅជាមួយអ៊ំស្រីខាងម្ដាយរបស់ខ្ញុំនៅក្នុងភូមិស្រាមលិច ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាមរហូតមក។
ឆ្នាំ ១៩៧៤ កងទ័ពរំដោះបានវាយផ្ដាច់ និងគ្រប់គ្រងទីប្រជុំជនស្គន់ទាំងមូល។ ពេលនោះហើយដែលខ្ញុំបានមើលឃើញយ៉ាងច្បាស់ពីផលវិបាក និងមហន្តរាយនៃសង្គ្រាមស៊ីវិលរវាងកងទ័ព លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ជារៀងរាល់ថ្ងៃប្រជាជនរស់នៅយ៉ាងលំបាកវេទនា ព្រាត់ប្រាស់ក្រុមគ្រួសារញាតិមិត្ត បងប្អូន ភ្នែកនៅនឹងកញ្ចឹងក រត់គេចពីគ្រាប់ផ្លោងរត់ចូលក្នុងរណ្ដៅត្រង់សេគ្មានបានប្រកបរបររកស៊ីធ្វើការអ្វីឡើយព្រមទាំងខ្វះខាតម្ហូបអាហារហូបទៀត។ ដើមឆ្នាំ ១៩៧៥ កងទ័ពរំដោះបានវាយផ្ដាច់យកបានខេត្តកំពង់ចាមទាំងស្រុង ដោយបានជម្លៀសប្រជាជនចេញពីទីក្រុងឆ្ពោះទៅកាន់គោលដៅផ្សេងៗគ្នា។ដើមខែឧសភា ឆ្នាំ ១៩៧៥ ពេលដែលវេលានៃការរង់ចាំក្នុងការជួបជុំគ្រួសាររបស់ខ្ញុំបានមកដល់ ខ្ញុំបានជួបជាមួយម្ដាយរបស់ខ្ញុំនៅភូមិថ្មី ឃុំស្រម៉រ ស្រុកជើងព្រៃខេត្តកំពង់ចាម។ ពួកគាត់ត្រូវបានពួកខ្មែរក្រហមបណ្ដេញ និងបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះមកកាន់ទឹកដីស្គន់ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម។ អារម្មណ៍រំភើបនិងត្រេកអរនៅពេលនេះពិតជាមានទំហំធំធេងមិនអាចពិពណ៌នាបានឡើយ ព្រោះខ្ញុំតែងតែគិតថា ប្រហែលជាយើងបែកគ្នាអស់មួយជីវិតហើយ។ ម្ដាយរបស់ខ្ញុំបានស្ទុះរត់មកឱបខ្ញុំទាំងទឹកភ្នែកអមនឹងស្នាមញញឹមដ៏ក្រៀមក្រំដោយពោលថា
ម្តាយ÷ សុផល!សុផល!សុផល!ម៉ែស្មានថាមួយជាតិនេះម៉ែលែងបានឃើញរូបកូនទៀតហើយ។
ខ្ញុំ÷ ម៉ែ!ម៉ែ!ម៉ែ! ខ្ញុំស្រែកហៅម៉ែព្រោះខ្ញុំរំភើបណាស់ពេលឃើញគាត់ ហើយរត់ទៅចាប់ក្រសោបឱបប្រាណដ៏កក់ក្តៅរបស់គាត់យ៉ាងមានសេចក្ត៏សុខជាទីបំផុត រួចសួរទៅកាន់គាត់ថា ចុះប៉ាទៅណាបាត់ហើយម៉ែ?
ម្តាយ÷ ប៉ាកូន!ប៉ាកូន!គាត់ស្លាប់បាត់ហើយ ។ និយាយរួចគាត់ស្រែកទ្រហោរយំខ្លាំងៗ។ (នៅមានត)
