ខេត្តក្រចេះ÷ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៩៖៣០នាទី ត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៣នាក់ ជិះម៉ូតូចំនួន០៣ គ្រឿង បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ ធាវ សុខរ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តកំពត, ខេត្តកណ្តាល, អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌ៧មករា ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
លុះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ វាស្នារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិដា ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង១០នាទី ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ទៀត រួមមាន៖ -ទី១.ឈ្មោះ ម៉េង គីមហ៊ួយ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ
ត្រង់ចំណុច ភូមិជុំគ្រៀង ឃុំជុំគ្រៀង ស្រុកទឹកឈូ ខេត្តកំពត ។
-ទី៣.ឈ្មោះ ឆេង គ័ង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
ត្រង់ចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើ សកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុច ភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពិត ប្រាកដមែន ។ ចំពោះសំភារះ(គ្រឿងអលង្ការ) ដែលខ្លួនបានមកពីជនរងគ្រោះ គឺពួកខ្លួនបានយកទៅលក់នៅ ០២ ទីតាំងផ្សេងគ្នា ទីតាំងទី១ នៅចំណុចក្រុងអរិយក្សត្រ, ទីតាំងទី២ នៅចំណុចស្រុកខ្សាច់កណ្តាល។
បន្ទាប់មកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះដល់ទីតាំងដែលទទួលទិញគ្រឿង អលង្ការទាំង០២កន្លែងខាងលើ ដោយបានដកហូត គ្រឿងអលង្ការមួយចំនួន ដើម្បីយកប្រគល់ជូនជនរង គ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕