ខេត្តត្បូងឃ្មុំ ៖ តាមបណ្តាញសង្គម និងគេហទំព័រខ្លះ បានបង្ហោះថា ៖ ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំ/សង្កាត់ចំនួន២០ ក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក សឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ ទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែការបង្ហោះនោះ ពាក្យបណ្តឹងមើលអក្សរមិនច្បាស់ព្រិលៗ ហើយគេបានសរសេរថា ៖ ម្ដងនេះវីវរហើយ នោះៗ ថាមែនៗ យោងតាមឯកសារខាងក្រោម ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំ/សង្កាត់ចំនួន២០ ក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក សឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
គេបង្ហោះទៀតថា ៖ នៅក្នុងឯកសារ សរសេរប្ដឹងទៅក្រសួងមហាផ្ទៃ បានបញ្ជាក់ពីភាពមិនប្រក្រតី និងទង្វើក្នុងការដឹកនាំរបស់លោក សឹងការី វ៉ាន់ណ្ឌី តួនាទីនាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ
ទី១.ពីបទរំលោភអំណាច ឃុបឃិតឱ្យតែបក្សពួកខ្លួនឯងចូលទៅដេញថ្លៃនៅក្នុងគម្រោងនីមួយៗ ។
ទី២. ច្បាប់ចេះតែចេញពីមាត់ខ្លួនឯងនឹកឃើញ អ្នកជាប់ពន្ធតូចគឺមិនឲ្យចូលដេញថ្លៃដាច់ខាត ។
គេបង្ហោះបន្តទៀតថា ៖ រឿងរ៉ាវមិនចេះចប់ចំពោះលោកនាយករូបនេះដូច្នេះមានតែប្ដឹងទៅក្រសួងមហាផ្ទៃទើបចប់រឿង។ នេះជា(ប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក) ។
ពាក់ព័ន្ធករណីនេះ លោក សឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ តាមទូរសព្ទជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកថា ៖ តាមពិតពាក្យបណ្ដឹងនោះ មិនមែនជាការពិតទេ ! ពីព្រោះវាមិនមានជាលក្ខណៈគតិយុត្ត គ្មានមូលដ្ឋានពិតប្រាកដ ហើយក៏បណ្ដឹង ក៏មិនដឹងប្ដឹងរឿងអ្វីនោះដែរ ។ លោកបានបន្តថា ៖ បណ្ដាញសង្គម និងគេហទំព័រខ្លះ គាត់បានបង្ហោះសរសេរ Cabion គឺជារឿងដែលធ្លាប់មានថ្នាក់លើចុះមកពិនិត្យ រួចហើយតាំងពីឆ្នាំ២០២៤ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រកអំពីមូលហេតុពិតអស់ហើយ ប៉ុន្តែនៅតែមានការយកមកចុះផ្សាយ ដែលធ្វើឲ្យប៉ះពាល់មកលើកិត្តិយសខ្ញុំធ្ងន់ធ្ងរដែរ ។ ចំពោះថាក្រុមហ៊ុនបានប្ដឹងខ្ញុំ លិខិតនោះគឺ មើលមិនច្បាស់តែម្ដង ព្រិលៗ ។ លោកបានលើកឡើងថា ៖ នៅលើលិខិតនោះមានស្នាមមេដៃក្រុមហ៊ុនខ្លះ បានខលមកខ្ញុំ ដោយបញ្ជាក់ថា គេមកសុំឱ្យខ្ញុំផ្ដិតមេដៃ និយាយរឿងផ្សេង គឺស្នើសុំប្រាក់កក់ ក្នុងរយៈពេល 45 ថ្ងៃ បែរជាយកស្នាមេដៃនេះដាក់ទៅជាប់ជាមួយពាក្យបណ្ដឹងទៅវិញ។ លោកបានលើកឡើងទៀតថា ៖ បើមើលតាមពាក្យបណ្ដឹង គឺអត់មានកាលបរិច្ឆេទ ហើយសរសេរឈ្មោះខ្ញុំក៏មិនត្រូវ ! ប៉ុន្តែបើពាក្យបណ្ដឹងនោះជាការពិត ខ្ញុំរង់ចាំការកោះហៅពីថ្នាក់ដឹកនាំគ្រប់ពេលវេលា គ្រាន់តែការបង្ហោះនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះហើយខ្ញុំក៏បានជម្រាបជូនទៅលោកអភិបាលរងខេត្តទទួលបន្ទុកការងារទាំងនេះព្រឹកមុិញហើយ ។
ចំពោះថា ពាក្យបណ្តឹងនោះដល់ក្រសួងមហាផ្ទៃហើយឬនៅ ឬមួយយ៉ាងណា ! លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃមិនទាន់បានបញ្ជាក់នៅឡើយ ខណៈទូរសព្ទចូលគ្មានអ្នកទទួល អាចលោករវល់សូម្បីតាមប្រព័ន្ធ តេឡេក្រាម មិនទាន់បើកមើល ៕
ដោយ ៖ សិលា