កម្ពុជា-ប្រ៊ុយណេ ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ទោ ជីនដីអូវ៉ាន់នី អាប់ប៊ុល រ៉ាម៉ាន (DON GIOVANNI ABDUL RAHMAN ) នាយការិយាល័យសេនានុព័ន្ធប្រ៊ុយណេប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះលោកវរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី នាយការិយាល័យសេនានុព័ន្ធយោធាប្រ៊ុយណេ អបអរសាទរដល់ថ្ងៃកំណើតរបស់កងទ័ពភូមិន្ទប្រ៊ុយណេដែលនឹងប្រារព្ធធ្វើនាថ្ងៃទី៣១ ខែឧសភា ខាងមុខ។ ហើយតាមរយៈជំនួបនេះ គឺជាឱកាសល្អដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ ការពង្រឹងពង្រីកទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសប្រ៊ុយណេដែលបានបញ្ជូនកងកម្លាំងមកកម្ពុជាកាលពីអំឡុងឆ្នាំ១៩៩២-១៩៩៣ ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះគឺជាបដិភាគមួយរបស់ប្រ៊ុយណេក្នុងការជួយកសាងសន្តិភាពសម្រាប់កម្ពុជា ក្នុងនាមជាមិត្តរួមតំបន់។

ឯកឧត្តម បញ្ជាក់ថា ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ប្រ៊ុយណេបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្នមានរយៈពេល៣៣ឆ្នាំ ហើយរយៈពេលជាង៣ទសវត្សរ៍មកនេះ ប្រទេសទាំងពីរតែងបានកសាងទំនាក់ទំនងល្អៗយ៉ាងច្រើន ទាំងក្នុងលក្ខណៈជាទ្វេភាគី ក៏ដូចជាពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ប្រ៊ុយណេ ទោះបីពុំទាន់បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការពារជាតិប្រទេសទាំងពីរក៏ពិតមែន ប៉ុន្តែក្រុមការងារភាគីទាំងពីរកំពុងជំរុញពន្លឿនកិច្ចការនេះឱ្យបានឆាប់។ ក្រៅពីនេះ កងទ័ពប្រ៊ុយណេក៏នៅបានផ្តល់អាហារូបករណ៍ដល់វគ្គបណ្តុះបណ្តាលវគ្គបញ្ជាការសេនាធិការផងដែរ។ 

ឯកឧត្តម ជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាល ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពជាដើម។

ជាកិច្ចឆ្លើយតប វរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានគាំទ្រចំពោះប្រសាសន៍លើកឡើងនេះរបស់ឯកឧត្តមអគ្គមេបញ្ជាការ នៅក្នុងកិច្ចខិតខំធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើររវាងកងទ័ពប្រទេសទាំងពីរ។

ទាក់ទងដល់វគ្គបណ្ដុះបណ្ដាល លោកវរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី បានបញ្ជាក់អះអាងថា ប្រទេសប្រ៊ុយណេនៅតែបន្តជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដោយលោកវរសេនីយ៍ទោ ជឿជាក់ថា ក្រោយកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់នៃប្រទេសទាំងពីរបានរួចរាល់ ប្រ៊ុយណេនឹងពង្រីកបន្ថែមទៀតនូវការជួយបណ្ដុះបណ្ដាលនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print