ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា-ចិនបើកធ្វើសមយុទ្ធ«នាគមាស២០២៥»នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីបើកសមយុទ្ធ«នាគមាស ២០២៥នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដោយសង្ឃឹមថា តាមរយៈនៃបទពិសោធន៍ដែលកងទ័ពប្រទេសទាំងពីរ ធ្លាប់បានធ្វើជាច្រើនលើកច្រើនសារមកហើយនោះ ប្រតិបត្តិការសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ២០២៥ នឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈ និងទទួលបានជោគជ័យតាមការគ្រោងទុក។
យោងតាម អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ឱ្យដឹងថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង អភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
សមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស ២០២៥» នេះ ធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា។ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១.៣៣១នាក់ និងភាគីចិនចំនួន ៨៨៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ជូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត។
សូមបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលប្រទេសទាំងពីរ ធ្វើសមយុទ្ធរួមគ្នា នាគមាសប្រចាំឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើងពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ព ដើម្បីទប់ទល់ទៅនិងបញ្ហាប្រឈមនានានៅក្នុងតំបន់ និងនៅលើសកលលោក៕
ដោយ ៖ សិលា